(កំពង់ធំ)៖ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ បានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃដីចេញពីតំបន់៣ បញ្ចូលមកតំបន់២ ក្នុងភូមិសាស្ដ្រ ក្រុងស្ទឹងសែន នៅវត្តរលួស ភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣។

លោកបានថ្លែងទៅកាន់បងប្អូនថា ក្រុងស្ទឹងសែនមានផ្ទៃដីប៉ះពាល់តំបន់៣ មានចំនួន ៥៥២៨,០១ហិកតា។ ដោយមានការស្នើសុំរបស់រដ្ឋបាលខេត្ត តាមរយៈបណ្ឌិត ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ សុំកាត់ឆ្វៀលដីតំបន់៣ មកតំបន់២, រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលផ្ទៃដីបង្កបង្កើនផលចំនួន ៧២៩៥ហិកតា ៥៣អា ចេញពីតំបន់២ មកតំបន់១ និងកាត់ផ្ទៃដីបង្កបង្កើនផលចំនួន ៣៦១៦,១៣ហិកតា ចេញពីតំបន់៣ មកតំបន់២ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ដែលក្នុងនោះ សង្កាត់ស្រយ៉ូវមានទំហំ ៣០៦៩,៨៩ហិកតា និងសង្កាត់អូរកន្ធរ មានទំហំ ៥១,១១ហិកតា។

លោកបន្តថា ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់២ ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ និងបង្កបង្កើនផលជាយូរមកហើយ ជាលក្ខណៈគ្រួសារ ឬសហគមន៍ដែលមានការដឹងឮ និងទទួលស្គាល់ច្បាស់លាស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូចនេះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវត្រៀមលក្ខណៈមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវថតចំឡងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្យកំណើត ឬសំបុត្យអាពាហ៍ពិពាហ៍
*ទី២៖ ត្រូវត្រៀមបង្គោលព្រំ និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផល
*ទី៣៖ ត្រៀមចូលរួមវាស់វែង និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដី
*ទី៤៖ ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជាប់ព្រំ ជាពិសេសចៀសវាងមានទំនាស់ ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការរបានឆាប់រហ័ស បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន។

លោកបញ្ជាក់ថា «ក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលដោយស្របច្បាប់ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់»

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថា នេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕