(កំពង់ចាម)៖ ប្រតិភូយុវជននាវាសន្តិភាពមេគង្គ-ទ្បានឆាង ដែលមាននិស្សិតមកពី៦ប្រទេស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចូលជួបថ្នាក់ដឹកនាំ និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរក្នុងតំបន់ខេត្តកំពង់ចាម។

លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង UME ខេត្តកំពង់ចាម បានឱ្យដឹងថា ប្រតិភូយុវជននាវាសន្តិភាពមេគង្គ-ទ្បានឆាងខាងលើនោះ គឺមានមកពីចិន ទ្បាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជា ដែលមានចំនួនជាង៦០នាក់ មកធ្វើទស្សនកិច្ច និងជួបសន្ទនាជាមួយបុគ្គលិក សាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម។

លោក មួន វាសនា បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រតិភូយុវជននាវាសន្តិភាពមេគង្គ-ទ្បានឆាងនាពេលនេះ គឺក្នុងគោលបំណងដឹកនាំក្រុមយុវជននៅតំបន់ដងទន្លេមេគង្គ ដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីវប្បធម៌ ប្រពៃណី ដើម្បីយល់ដឹង និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា បានយល់អំពីគ្នាទៅវិញទៅមក និងទទួលបានសេចក្តីសុខ ក្នុងនាមជាពលរដ្ឋដែលមានប្រទេសរស់នៅជាប់ដងទន្លេមេគង្គជាមួយគ្នា និងអាស្រ័យផលពីទន្លេមេគង្គទាំងអស់គ្នា។

ម្យ៉ាងទៀត ការបង្កើតវេទិការនេះគឺសម្រាប់អ្នកបង្កើតគោលនយោបាយ និងភ្នាក់ងារដែលមានឥទ្ធពលលើគោលនយោបាយទន្លេមេគង្គ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ពួកគេចចំពោះបញ្ហាដែលទាក់ទងនឹងទន្លេមេគង្គនេះ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក បង្កើតកិច្ចសហប្រតិបត្តិការ និងមិត្តភាពក្នុងចំណោមអ្នកចូលរួមផងដែរ៕