(កំពង់ធំ)៖ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង ៥ពាន់ម៉ែត្រ ចេញពីជាតិលេខ៦ ទៅកាន់ភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពិធីបើកការដ្ឋាននេះលោក ងួន រតនៈ បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ ខេត្តកំពង់ធំមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់។ អាជ្ញាធរបាននិងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទឱ្យមានភាពប្រសើរឡើង។

លោកថា «នេះជាសកម្មភាពមួយដោយអនុវត្តន៍តាមគោលនយោបាយជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងងាយស្រួល»

អភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមេត្តាជួយថែរក្សាផ្លូវចៀសវាងការកាប់កាយផ្លូវ ដែលនាំឱ្យផ្លូវឆាប់ខូចវិញ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះចូលរួមសហការជាមួយអាជ្ញាធរ
ដែនដីក្នុងសាងសង់ផ្លូវ ប្រកដោយភាពរលូន និងទុកជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា។

លោកបានក្រើនរម្លឹកប្រជាពលរដ្ឋ សូមឱ្យមានស្មារតីប្រុងប្រយ័ត្ននឹងជំងឺឆ្លងផ្សេងៗ និងសូមឱ្យមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តន៍ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្រៅពីនេះក៏សូមឱ្យបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ។

លោក ងួន រតនៈ បានណែនាំមន្ត្រីគ្រប់រូប ត្រូវធ្វើខ្លួនជាមន្ត្រីល្អ និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ ត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន និងអំាវនាវឲ្យប្រជាពរដ្ឋត្រៀមឯកសារចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ប្រជាពលរដ្ឋនៅក្នុងភូមិរលួស មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានផ្លូវកៅស៊ូថ្មី ហើយក៏សូមអបអរសាទរចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោជាពិសេសលោក ងួន រតនៈ ដែលតែងតែយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមជូនពរសម្ដេចតេជោ មានសុខភាពល្អ និងបន្តគាំទ្រដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនតទៅមុខ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនជារៀងរហូត៕