(ស្ទឹងត្រែង)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្ទះរង់ចាំ មណ្ឌលសុខភាព វាលដេញ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ គណៈអភិបាលស្រុក លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នឹង ប្រជាពលរដ្ឋជាង៥០០នាក់។

បន្ទាប់ពីលោក សន សារឿន ឡើងអាននូវរបាយការណ៍អំពីភូមិសាស្ត្រ និងវិស័យសុខាភិបាលក្នុងស្រុករួចមក, លោកស្រី កែវ សាវឿន បានលើកឡើងថា ក្នុងនាមលោកស្រីជាថ្នាក់ដឹកនាំខេត្តមួយរូប លោកស្រី ថ្លែងអំណរអរគុណអង្គការភ្លែន ដែលបានផ្តល់ជូននូវអគារផ្ទះរង់ចាំ មណ្ឌលសុខភាព វាលដេញនេះ ដើម្បីចូលរួមលើកស្ទួយផ្នែកសុខាភិបាលយ៉ាងខ្លាំង ពិសេសបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្ងាយៗ ពិបាកទៅទទួលសេវាថែទាំសុខភាព និងបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង អគារផ្ទះរង់ចាំនៅភូមិវាលដេញ នេះ។

លោកស្រី កែវ សាវឿន បានអះអាងថា អគារផ្ទះរង់ចាំរបស់មណ្ឌលសុខភាពវាលដេញ ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកថាឡាបរិវ៉ាត់ ក៏ជាក្នុងឃុំអន្លង់ជ្រៃ និងបានធ្វើឱ្យឃុំមួយនេះ មានការផ្លាស់ប្តូរមុខមាត់ជាថ្មី។

ក្នុងនោះដែរ លោកស្រីអភិបាលរងខេត្ត បានសង្ឃឹមថា អគារផ្ទះរង់ចាំរបស់មណ្ឌលសុខភាពវាលដេញនេះ នឹងដើរតួនាទីមួយដល់សំខាន់ក្នុងផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារ និងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអន្លង់ជ្រៃទាំងមូលក៏ដូចជាតាមឃុំនានា ដែលនៅជិតនេះ។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី កែវ សាវឿន សង្ឃឹម និងជំរុញឲ្យអង្គការភ្លែន បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែងបន្តទៀត ពិសេសក្នុងផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោកស្រី កែវ សាវឿន ក៏បានប្រគល់ឡានពេទ្យ ដល់មណ្ឌលសុខភាពវាលដេញ ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងអង្គភាព របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ៕