(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែ ក្រវាត់និងផ្លូវ» និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានសម្ដែងតាមបែបបទ Flash Mob ប្រកបដោយបរិយាកាសសប្បាយរីករាយជូនទស្សនិកជនកម្ពុជា បានទស្សនាជាមួយនឹងកម្រងទស្សនីយភាពដ៏វិសេសវិសាល តាមបែបប្រពៃណីខ្មែរនិងចិន។

អ្នកសម្ដែងភាគីចិន ច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ «Mo Li Hua» និងបទ «The Moon Represents My Heart» ចំណែកអ្នកសម្ដែងកម្ពុជាវិញបានច្រៀងបទ «ស្រណោះប្រទេសចិន» ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏មានការសម្ដែងល្ខោន «ប្ដូររបាំងមុខ» របស់ចិន ដ៏អស្ចារ្យផងដែរ។

ទស្សនិកជន ដែលបានទស្សនានៅទីតាំងផ្ទាល់បានទះដៃអបអរសាទរយ៉ាងខ្លាំងផងដែរ។ ការសម្ដែង Flash Mob នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយសាងសង់របស់ប្រទេសចិន។

ក្នុងនាមជាសមិទ្ធផលធំសំខាន់ក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងកម្ពុជានិងចិន ពហុកីឡដ្ឋាននេះគឺជាទីតាំងចម្បងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើក៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ថា «នេះគឺជាសមិទ្ធផលដ៏ធំមួយក្នុងវិស័យកីឡាកម្ពុជា គឺជាផ្លែផ្កាមួយទៀតនៃមិត្តភាពកម្ពុជា-ចិន»