(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវមួយ ដោយណែនាំឲ្យសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច និងត្រូវដោះស្រាយជាមួយគ្នា ដោយភាពទន់ភ្លន់។

សេចក្តីអំពាវនាវបានឲ្យដឹងថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី «ការផ្អាកបណ្តោះអាសន្នការរឹបអូសផ្ទះ របស់អតិថិជនមិនទាន់បានបង់ប្រាក់ នីតិវិធីដោយធ្វើឥណទានឡើងវិញ» ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋានរស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តរទៀត និងមាននិរន្តរភាព។

ជាមួយគ្នានេះដែរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចាត់វិធានការបន្ទាន់ ដោយធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលជាសមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាពិនិត្យលទ្ធភាព និងអនុវត្តន៍ដូចខាងក្រោម៖

ទី១៖ ធ្វើការសិក្សាលម្អិត និងឲ្យបានស៊ីជម្រៅពីស្ថានភាពអតិថិជន ដែលមានបំណុល និងមានបញ្ហាលទ្ធភាពបង់ពិតប្រាកដ។

ទី២៖ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌបង់ប្រាក់ និងផ្អាកការរឹបអូសផ្ទះអតិថិជន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួន និងបញ្ហាប្រឈមនានាពិតប្រាកដ។

ទី៣៖ ផ្ដល់ភាពទន់ភ្លន់ និងជួយសម្របសម្រួលជូនដល់អតិថិជន ដែលជួបបញ្ហាប្រឈមបង់រំលស់ជាមួយក្រុមហ៊ុនបុរី និងរៀប
ចំការធ្វើឥណទានឡើងវិញ។

ទី៤៖ ករណីក្រុមហ៊ុនដែលមានការរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមក្រុមហ៊ុនធ្វើការពិនិត្យឡើងវិញ ដើម្បីប្រគល់ប្រាក់ ឬសងលុយទៅអតិថិជនវិញ ឬរកដំណោះស្រាយសមរម្យណាមួយជូនអតិថិជន ដោយភាពទន់ភ្លន់។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការអនុវត្តសេចក្តីអំពាវនាវនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងរៀបចំយន្តការការងារ និងសហការជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាព លទ្ធភាពរបស់អតិថិជន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលតាមការចាំបាច់៕