(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្កោលទោសបុគ្គល «ឆាំ ឆានី» ជាសមាជិកក្រុមប្រឆាំងក្រៅច្បាប់ ដែលបានកាត់តបន្ថែមរូបភាពក្នុងចេតនាញុះញង់បំភ្លៃការពិត ជុំវិញវិដេអូរបស់ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និយាយអំពីរឿង EBA។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី អះអាងថា ទំព័រហ្វេសប៊ុករបស់បុគ្គល «ChhamChhany ឆាំ ឆានី» នាថ្មីៗនេះ បានប្រើប្រាស់វីដេអូរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ក្នុងវេទិកាកិច្ចសន្ទនាឧត្តមសិក្សាដោយមិនបានទទួលការអនុញ្ញាតសិទ្ធិប្រើប្រាស់ពីម្ចាស់ដើមនោះទេ។ វីដេអូនេះត្រូវបានផលិតឡើង ដោយមានការកាត់តបន្ថែមរូបភាព ធ្វើឱ្យប្រាសចាក ពី អត្ថន័យដើម នៃកិច្ចសន្ទនាក្នុងចេតនាញុះញង់ បំភ្លៃការពិត ដើម្បីបង្កចលាចល និងអស្ថិរភាពសង្គម។

វិទ្យាស្ថានសូមផ្តល់ជូននូវសាវតានៃដំណើរការចរចារ EBA (ទំនិញគ្រប់មុខលើកលែងអាវុធ) ដូចខាងក្រោម៖

១៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ជាកាតព្វកិច្ចក្នុងក្របខណ្ឌ នៃការពង្រឹងកិច្ចពិគ្រោះយោបល់របស់គណៈកម្មការអឺរ៉ុប ដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៧។

២៖ ដំណើរទស្សនកិច្ចគឺធ្វើឡើងដោយគូភាគីទាំងសងខាង ពោលគឺមានដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ គណៈកម្មការ អឺរ៉ុបមកកម្ពុជា និងរបស់គណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងព្រុចសែល។ ព័ត៌មានស្ដី ពីការពិគ្រោះយោបល់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ហើយគណៈកម្មការអឺរ៉ុប ក៏បានបង្ហោះនៅលើបណ្តាញសង្គម អំពីដំណើរទស្សនកិច្ចរបស់ភាគីកម្ពុជាផងដែរ។

៣៖ គោលបំណងនៃការពិគ្រោះយោបល់ គឺដើម្បីដោះស្រាយកង្វល់ និងការយល់ខុសរបស់គណៈកម្មការអឺរ៉ុបទៅលើ ស្ថានភាពប្រជាធិបតេយ្យ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ បេសកកម្មនេះគឺជាការងារ ចាំបាច់ដែល ត្រូវបំពេញ ដើម្បីផ្តល់យុត្តិធម៌ជូន រាជរដ្ឋាភិបាលកម្ពុជាលើអ្វីដែលកម្ពុជា យល់ថា ជាយុទ្ធនាការ លាបពណ៌ បំភ្លៃការពិតពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងន័យដូចបានជម្រាបជូនខាងលើ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយ ដើម្បីបុព្វហេតុសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន សូមថ្កោលទោសចំពោះបុគ្គល «ChhamChhany ឆាំ ឆានី»។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏ស្នើសុំការយោគយល់ និងការចូលរួមចំណែក របស់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ក្នុងការទប់ស្កាត់ការចែករំលែកព័ត៌មានក្លែងក្លាយរបស់បុគ្គលខាងលើ៕