(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់អាជ្ញាធរខណ្ឌ សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ។

ពិធីប្រគល់-ទទួលទេយ្យទាន ទេយ្យវត្ថុ និងថវិកានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ។

បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និងថវិកា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរព្រះអរគុណដល់ ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានសន្យាថា នឹងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តឲ្យចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះ បែងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕