(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរព វិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ ត្រូវជាឳពុកបង្កើតរបស់លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤៖៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ លោក បួន សារៈមុនី និងលោកស្រី ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ ។

មរណភាពរបស់ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ គឺជាការបាត់បង់នូវ ឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អ នៃឳពុកបង្កើត ឳពុកក្មេក និងជីតាទាំងឡាយ។

លោករដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម  ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្មទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕