(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសបិទនូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បា​នប្រកាសយ៉ាងដូច្នេះថា «ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តមទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាមួយការបិទព្រឹត្តិការណ៍កីឡានេះ សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស ដែលមានជាង៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៉ីហ្គេម និងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម។

សម្តេតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជនរួមជាតិថា បន្ទាប់ពីទទួលបានជោគជ័យ ដ៏ត្រចេះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រគួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៉ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៉ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡាយុវជនអាស៉ី នឹងមានការចូលរួមពីប្រតិភូកីឡា ទ្រង់ទ្រាយធំជាងស៉ីហ្គេមទៅទៀត។

សូមជម្រាបថា ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕