(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអរគុណ និងកោតសរសើរ ដល់គណៈកម្មការរៀបចំការប្រកួតជនពិការអាស៊ាន សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ានទាំងអស់ រួមទាំងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃអត្តពលិកមានពិការភាព និងគាំទ្រពេញទំហឹងការធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំសូមអរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជាតិរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិកមានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តមទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាមួយការបិទព្រឹត្តិការណ៍កីឡានេះ សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស ដែលមានជាង៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៉ីហ្គេម និងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម។

សូមជម្រាបថា ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕