(កំពត)៖ លោក ស៊ឹម សុធន រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមពិធីផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការ ជូនដល់ជនពិការក្រីក្រចំនួន៥០គ្រួសារ មកពី២ស្រុកនៃខេត្តកំពត។

ពិធីនេះមានការចូលរួមពីលោក រឿន រីទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងមានការចូលរួមជាកិតិ្តយសពីលោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោកស្រី ព្រំ សុភាព ប្រធានមន្ទីសង្គមកិច្ចខេត្តកំពត លោក ស៊ូ សុខ ប្រធានសាខាចូលនិធិជនពិការខេត្តកំពត តំណាងអជ្ញាធរខេត្ត និងមន្រ្តីក្រោមឱវាទជាច្រើនរូប។

លោក រឿន រីទ្ធីរ័ត្ន បានលើកឡើងថា ជំនួសមុខឱ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកពិតមានក្តីរីករាយក្រៃលែងដែលបានមកជួបបងប្អូនជនពិការដែលបានអញ្ជើញមកនាថ្ងៃនេះ។

លោកបន្តថា កញ្ចប់អំណោយដែលបងប្អូនបានទទួលនេះ គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមជាមួយនិងថវិការបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបរិច្ចាគប្រាក់ដាក់ចូលក្នុងហិបប្រាក់មូលនិធិជនពិការ។ ហិបប្រាក់សប្បុរសធម៌មូលនិធិជនពិការនេះ មានដាក់នៅទូទាំងប្រទេសដូចជាទីសាធារណៈ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ផ្សារ វត្តអារាម រម្មណីដ្ឋាននានា។

លោកបន្តថា មូលនិធិជនពិការ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មសម្បទាជូនជនពិការទូទាំងប្រទេសដោយឥតបង់ថ្លៃ បន្ថែមពីនេះបងប្អូនជនពិការក៏បានទទួលប្រាក់ហូបចុក ៣ពាន់រៀលក្នុងមួយថ្ងៃ និងថ្លៃធ្វើដំណើរ ១ម៉ឺនរៀល នៅពេលទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារទាំងនោះ សម្រាប់ជនពិការក្រីក្រដែលមានប័ណ្ណសមធម៌មូលនិធិជនពិការក៏បានបើកផ្តល់ប្រាក់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពចំនួន ៣ម៉ឺនរៀលក្នុង១ឆ្នាំផងដែរ។

លោកបានបន្ថែមថា មិនត្រឹមតែបងប្អូនជនពិការនៅក្នុងខេត្តកំពតបានទទួលកញ្ចប់អំណោយប៉ុណ្ណោះនោះទេ មូលនិធិជនពិការបាន ចែកកញ្ចប់អំណោយជូនជនពិការក្រីក្រទូទាំងរាជធានីខេត្ត សរុបប្រមាណ ៦៥០កញ្ចប់ក្នុងឆ្នាំ២០២២ និងក្នុងឆ្នាំ២០២៣នេះ នឹងបន្តផ្តល់កញ្ចប់អំណោយជូនបងប្អូនជនពិការ ៧០០នាក់ទូទាំងប្រទេស។ ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានសាងសង់ផ្ទះចំនួន៣៨ខ្នងរួចមកជូនដល់ជនពិការក្រីក្រ។

លោកបន្តថា អ្វីដែលបានរៀបរាប់ខាងលើនេះ គឺពិតជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលដឹកនាំដោយរដ្ឋមន្រ្តី វង សូត ជាសេនាធិការ និងមូលនិធិជនពិការជាអង្គភាពប្រតិបត្តិនិងមិនទុកជនពិការចោលឡើយ ។

កញ្ចប់អំណោយដែលផ្តល់ជូននាថ្ងៃនេះ ក្នុងជនពិការម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូ, ត្រីខ ២យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល ២គីឡូក្រាម, មី ១កេស និងថវិកា ១០ម៉ឺនរៀល៕