(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣២ ដែលរដ្ឋបាលគយថៃ ជាម្ចាស់ផ្ទះ និងប្រធានអង្គប្រជុំ ដោយមានការចូលរួមពីគណៈប្រតិភូគយ នៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

អង្គប្រជុំបានពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធនឹងគយ រួមមាន៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ (SPCD) ឆ្នាំ២០២១-២០២៥ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន, ការអនុវត្តតារាងពន្ធគយអាស៊ាន ឆ្នាំ២០២២ (AHTN 2022) របស់សមាជិកអាស៊ានទាំងអស់ និងការត្រៀមលក្ខណៈរៀបចំតារាងពន្ធគយអាស៊ាន ឆ្នាំ២០២៧ (AHTN 2027), ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) និងការចុះហត្ថលេខាលើឯកសាររៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតអាស៊ាន (AAMRA) និងលើកទឹកចិត្តឲ្យប្រទេសម៉ាឡេស៊ី រៀបចំការចុះហត្ថលេខានេះ ត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ព្រមទាំងការត្រៀមខ្លួនរៀបចំការអនុវត្តសាកល្បង AAMRA នាឆ្នាំ២០២៣។

លើសពីនេះ អង្គប្រជុំបានពិភាក្សា និងអនុម័តលើការងារមួយចំនួនរួមមាន៖ របាយការណ៍ស្តីពីការអនុវត្តកិច្ចសម្រួលនីតិវិធីគយ សម្រាប់ការដឹកជញ្ជូនទំនិញមានតម្លៃទាបរបស់អាស៊ាន, សេចក្តីណែនាំស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងរដ្ឋបាលពន្ធដារ, ឯកសារស្តីពីក្របខណ្ឌសុចរិតភាពគយអាស៊ាន និងសេចក្តីណែនាំស្តីពីកិច្ចដំណើរការជ្រើសរើសអ្នកជំនាញការគយ ថ្នាក់តំបន់អាស៊ាន។

អង្គប្រជុំក៏បានស្វាគមន៍ការផ្លាស់ប្តូរប្រតិវេទន៍គយអាស៊ាន (ACDD) ក្នុងចំណោមសមាជិកចំនួន៩ រួមមាន៖ ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភូមា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ហើយប្រទេសឡាវ នឹងចូលរួមប្រតិបត្តិការផ្ទាល់នេះត្រឹមឆ្នាំ២០២៣។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកត់សម្គាល់លើការផ្លាស់ប្តូរវិញ្ញាបនបត្រភូតគាមអនាម័យ រវាងប្រទេសឥណ្ឌូនេស៊ី និងថៃ ព្រមទាំងលើកទឹកចិត្តឲ្យសមាជិកដទៃទៀត ខិតខំប្រឹងប្រែងរៀបចំដើម្បីចូលរួមការផ្លាស់ប្តូរវិញ្ញាបនបត្រ នេះឲ្យបានឆាប់។

អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូ នៃអង្គការគយពិភពលោក, រដ្ឋបាលគយអូស្រ្តាលី, ចិន, ជប៉ុន, និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូ នៃរដ្ឋបាលគយកូរ៉េ លោកបណ្ឌិត គុណ ញឹម បានតំណាងអគ្គនាយកគយអាស៊ាន ធ្វើជាសហប្រធាន ជាមួយលោក YOON Tae-Sik អគ្គនាយក នៃរដ្ឋបាលគយកូរ៉េ តាមប្រព័ន្ធវីដេអូ លើប្រធានបទស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន, ការបញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence), ទិន្នន័យធំ (Big Data) និងបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ទៅក្នុងប្រតិបត្តិការគយ, ព្រមទាំងការចែករំលែកចំណេះដឹង និងបច្ចេកទេសគយ តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លើសពីនេះទៀត អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ច នៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ១៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និង២៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាន និងវិស័យឯកជន ព្រមទាំងពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាមួយចំនួន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ចក្នុងតំបន់។

ឆ្លៀតក្នុងឱកាស នៃកិច្ចប្រជុំនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានប្រជុំទ្វេភាគីជាមួយ៖ ១៖ គណៈប្រតិភូ នៃរដ្ឋបាលគយថៃ និង២៖ គណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម។ ប្រធានបទសំខាន់ នៃកិច្ចប្រជុំទ្វេភាគីនេះមាន៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត; ការធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនង និងការផ្លាស់ប្តូរចែករំលែកព័ត៌មាន ដើម្បីសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន, ទប់ស្កាត់ចរាចរ ផលិតផលក្លែងខុសកម្មសិទ្ធិបញ្ញា, និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម; វឌ្ឍនភាពការងារគយពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម រួមទាំងសម្របសម្រួលទំនិញឆ្លងកាត់ និងការរៀបចំកិច្ចប្រជុំទ្វេភាគីថ្នាក់តំបន់ជាប់ព្រំដែននាឆ្នាំ២០២៤។

បន្ថែមលើនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ក៏បានទទួលជួបប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប ដើម្បីស្តាប់សំណើរបស់ក្រុមប្រឹក្សាធុរកិច្ច និងការផ្តល់វឌ្ឍនភាពពាក់ព័ន្ធនឹងទំនើបកម្ម នៃរដ្ឋបាលគយកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជនឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សូមជម្រាបផងដែរថា កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៣ នឹងត្រូវរៀបចំនិងដឹកនាំដោយរដ្ឋបាលគយវៀតណាម ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤៕