(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ដ្រីជំនាញចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែក្នុងក្រុងស្ទឹងសែន ដែលគ្រោងស្ថាបនាជាផ្លូវបេតុងពេលឆាប់ៗ។

លោក ងួន រតនៈ បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារតែកន្លងមកផ្លូវមួយខ្សែនេះ មានទំហំតូចជាពិសេសពេលរដូវវស្សាមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកផ្លូវមានសភាពរអិល និងមិនមានសុវត្ថិភាពក្នុងការចរាចរណ៍ឆ្លងកាត់ផង។ ផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់ ព្រោះជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមក លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយការកើតមានគ្រោះថ្នាក់ ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោកអភិបាលខេត្ត បានសម្ដែងនូវភាពសប្បាយរីករាយអបអរសាទរ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការទទួលបានផ្លូវបេតុងក្នុងពេលខាងមុខនេះ។ ផ្លូវបេតុងនេះ មានប្រវែង១,៦៤៥ម៉ែត្រ ទទឹង៦ម៉ែត្រ កំរាស់១,៥ ម៉ែត្រចាប់ពីភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ និងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន៕