(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនេះ លោកបានណែនាំដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូប ត្រូវធ្វើខ្លួនជាគំរូល្អរបស់យុវជន និងប្រជាពលរដ្ឋ ហើយត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមគោលការណ៍ លក្ខន្តិក: របស់សហភាពសហព័ន្ធយុវជនកម្ពុជា ហើយមិនត្រូវប្រព្រឹត្តអ្វីដែលប្រាសចាកនឹងច្បាប់ ឬបំពានស្ថាប័នដទៃឡើយ។ ត្រូវចូលរួមធ្វើកិច្ចការសង្គមឲ្យបានយ៉ាងសកម្ម ជាពិសេសកិច្ចការមនុស្សធម៌ ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។

លោក ជា វ៉ាន់ចាន់ បានកោតសរសើរខ្ពស់ដល់សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ក៏ដូចជាស្រុកស្ទោង និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើកិច្ចការផ្សេងៗកន្លងមក ជាពិសេសការខិតខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា ទ្រព្យធន សម្ភារ ថវិកា ក្នុងការធ្វើកិច្ចការមនុស្សធម៌ អនាម័យ បរិស្ថាន និងកិច្ចការផ្សេងៗទៀត ជួយដល់សហភាពសហព័ន្ធ និងសង្គមជាតិ ក៏ដូចជាមូលដ្ឋានកន្លងមក។

លោកក៏បានអំពាវនាវដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ឃុំកំពង់ចិត្តត្បូង និងស្រុកស្ទោង ត្រូវត្រៀមខ្លួនក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕