(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រ លីន វេន ជី សាន់បូ អេនធើប្រាយ (LIN WEN CHIH SUNBOW ENTERPRISE)។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិតជាង ១៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៨ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៨លើក នេះ មានកម្មករ និយោជិតសរុប​​ប្រមាណ ១៤ម៉ឺន ៧ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១១លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ១៨ម៉ឺន ៨ពាន់នាក់ទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕