(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រ លីន វេន ជី សាន់បូ អេនធើប្រាយ (LIN WEN CHIH SUNBOW ENTERPRISE)។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង៖

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា យប់មិញសម្តេចធ្វើការងារពិសេសមួយ គឺរំដោះពលរដ្ឋម្នាក់ ដែលត្រូវបានបក្សនយោបាយមួយបោកប្រាស់។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីបុគ្គលនោះ នឹងចេញមកលាតត្រដាង ស្តីអំពី​អំពើទុច្ចរិតរបស់បក្សនយោបាយនោះ ហើយបោកប្រាស់ទាំងអាជ្ញាធរបារាំងថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរម្នាក់នៅបារាំង នឹងចេញមុខទម្លាយអំពើទុច្ចរិត​របស់បក្សនយោបាយ ដែលបោកប្រាស់ខ្លួន ហើយបោកទាំងអាជ្ញាធរបារាំងទៀត

* សម្តេចតេជោ ហ៊ុន សែន បានជម្រាបកម្មករ កម្មការិនី ដំណើរចុះជួបសំណេះសំណាលជុំទី១ និងជុំទី២ ដើម្បីប្រយោជន៍របស់កម្មករ កម្មការិនី។ ក្នុងនោះប្រយោជន៍សម្រាប់កម្មការិនី មានការឧបត្ថម្ភថវិកា ១០០ដុល្លារនៅពេលសម្រាល, អនុញ្ញាតឱ្យសម្រាកមាតុភាព ៣ខែ ជាមួយការទទួលប្រាក់ឈ្នួល ១២០ភាគរយ, អនុញ្ញាតឱ្យចេញមុនម៉ោង ១៥នាទី។ ក្នុងជុំទី២ សម្តេចតេជោ បានអនុញ្ញាតឱ្យអនុវត្តន៍នយោបាយគាំពារសង្គម ឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ ដល់កូនអាយុក្រោមពីរឆ្នាំ ដោយបើកថវិកា១៤ដង មួយដង៨ម៉ឺនរៀល សរុបថវិកាជាង ១លានរៀល។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់កម្មករ កម្មការិនី ពីគុណតម្លៃវ៉ាក់សាំង និងការដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ។ សម្តេចតេជោ បានថ្លែងអំរគុណដល់កម្មករ និយោជិត និងថៅកែរោងចក្រ ដែលបានរួមគ្នាការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ទើបធ្វើឱ្យរោងចក្រ សហគ្រាស បើកទ្វារឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីប្រាក់ឈ្នួលកម្មករ និយោជិត ឡើងបានតិច តែនៅឡើងបន្តបន្ទាប់ ទោះបីជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ក្តី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលកូវីដ១៩រាតត្បាតនោះ សម្តេចតេជោ ក៏បានដាក់ចេញការអន្តរាគមន៍ជាច្រើន ដើម្បីធានាដំណើរការរោងចក្រ និងតម្លៃទំនិញលើទីផ្សារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យមានការបើកប្រាក់ឈ្នួល និងការទូទាត់នានា ជាប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព ជាកត្តាគន្លឹះនាំឱ្យមានការងារធ្វើ និងអ្វីៗដូចពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន ផ្ញើលទ្ធផលដ៏ជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជូនប្រជាពលរដ្ឋគ្រប់រូប។ សម្តេចតេជោ ចាត់ទុកជោគជ័យនេះ គឺស្នាដៃជាតិខ្មែទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ៣ជំនាន់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅ «ស ឡុងដេត» ថា មិនអនុញ្ញាតឱ្យបង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់សមត្ថកិច្ចការពារ «ស ឡុងដេត» ខ្លាចជនទី៣ ទៅប្រព្រឹត្តហិង្សាលើ «ស ឡុងដេត»។

* សម្តេចតេជោ ហ៊ុន សែន បន្តចោទសួរថា តើនរណាជាអ្នកទទួលបានផលចំណេញពីការស្លាប់របស់លោក កែម ឡី? បក្សប្រជាជនកម្ពុជា គ្មានអ្វីចំណេញពីការស្លាប់របស់លោក កែម ឡី នោះទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងពូកែទាញប្រយោជន៍ពី «ខ្មោច» សូម្បី «ខ្មោចឆ្កែ» ក៏ទាញប្រយោជន៍ដែរ។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរឹបអូសផ្ទះ ចំពោះសមាជិកប្រឆាំង ដែលមិនព្រមបង់តាមការណែនាំមេរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២០នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News ៕