(ហូជីមិញ)៖ សភាសម្ព័ន្ធសហជីនជាតិកម្ពុជា NACC ដឹកនាំសិក្ខាកាមចំនួន១៥នាក់ ទៅទស្សនកិច្ចស្វែងយល់ពីបទពិសោធន៍ការងារសហជីពនៅតាមក្រុមហ៊ុនមួយចំនួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែមិថុនា ឆ្នាំ២០២៣។

ការទៅទស្សនកិច្ចនេះធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងសភាសម្ព័ន្ធសហជីនជាតិកម្ពុជា NACC និងសម្ពន្ធសហជីពពលករវៀតណាម VGCL ដែលដោយលោក គឹម ចាន់សំណាង តំណាងលោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។

ប្រតិភូ និងសិក្ខាកាមកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលដែលឧបត្ថម្ភដោយសហជីពពលករវៀតណាម ទីក្រុងហូជីមិញ ដោយមានប្រធានបទចំនួន៣ រួមមាន៖

១. ប្រព័ន្ធគ្រប់គ្រងកិច្ចការងាររដ្ឋបាល
២. កិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ
៣. ការឃោសនាអប់រំ និងព័ត៌មាន។

សិក្ខាកាមទាំងអស់ចុះទស្សនកិច្ចសិក្សាជាមួយសហជីពខណ្ឌ Go Vap។ អ្នកស្រីប្រធាន Dao Thi Hong Hanh បានទទួលយ៉ាងកក់ក្តៅ និងចែករំលែកនូវបទពិសោធន៍ថ្មីៗល្អៗជាច្រើនជូនដល់សិក្ខាកាមយល់ដឹងបន្ថែម។

បន្ទាប់មក អ្នកស្រីក៏បានអញ្ជើញសិក្ខាកាមទាំងអស់ចុះទស្សនកិច្ចសហជីពមូលដ្ឋានក្នុងក្រុមហ៊ុន Long Bien ជាទីលានវាយកូនគោលដ៏ល្បីមួយនៅប្រទេសវៀតណាម ដែលអមដំណើរដោយលោក Nguyen Minh Tai ជាប្រធានសហជីពក្នុងក្រុមហ៊ុន Long Bien។

សិក្ខាកាមទាំងអស់បានបន្តចុះទស្សនកិច្ចសិក្សានៅសហជីពផ្នែកសេវាកម្មសាធារណៈ ផលិតកម្ម និងពាណិជ្ជកម្ម ដោយលោក Nguyen Van Minh ជាប្រធានសហជីពមូលដ្ឋានក្នុងក្រុមហ៊ុន Cholimex Food ដែលបានទទួលរាក់ទាក់ដោយអ្នកស្រី Nguyen Thi Huyen Trang ប្រធានក្រុមហ៊ុន Cholimex Food។

ជាលទ្ធផល សិក្ខាកាមកម្ពុជាទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗប្រកបដោយជោគជ័យនៅទីក្រុងហូជីមិញ៕