(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ហើយដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព គណបក្សក៏ត្រូវការសកម្មជនយុវជនបក្សយ៉ាងសំខាន់ដែរក្នុងការចូលរួមអនុវត្តគ្រប់កិច្ចការ។

លោកថ្លែងបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិតបានបញ្ជាក់ថា «នៅពេលបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេសគឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់»

បើតាមលោកប្រធាន ហ៊ុន ម៉ាណែត ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព សកម្មជនយុវជនបក្សគឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់ក្នុងការចូលរួមក្នុងគ្រប់កិច្ចការទាំងអស់ និងគ្រប់កម្រិតចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សឱ្យមានលទ្ធផលផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន។

លោកបានឱ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជនកាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

លោកបន្តថា ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជាបានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ៕