(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា ការដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការទូទាត់ប្រាក់ដុល្លារលើទីផ្សារ ដោយមិនបាច់ប្តូរទៅជាប្រាក់រៀល គឺដើម្បីងាយស្រួលទាក់ទាញការវិនិយោគមកពីបរទេស។

សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទារណ៍ចំពោះថៅកែរោងច្រក ដែលត្រូវបើកប្រាក់ខែឲ្យកម្មកររបស់ខ្លួន នៅកម្ពុជាអាចបើកជាប្រាក់ដុល្លារបាន ដោយមិនចាំបាច់យកទៅប្តូរជារូបិយប័ណ្ណជាតិ រួចទើបយកមកបើកប្រាក់ខែឲ្យកម្មករ កម្មការិនីវិញនោះទេ ដែលនេះជាភាពងាយស្រួលមួយក្នុងការទូទាត់ ដែលប្រទេសដទៃមិនមានដូចកម្ពុជាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីជាអនុញ្ញាតឲ្យមានការទូទាត់ជាប្រាក់ដុល្លារក្តី ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង លើកការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អត្រាអតិផរណា [ការកើនឡើងតម្លៃទំនិញ] ដោយរក្សាកម្លាំងទិញនៃប្រាក់រៀល។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល ប៉ុន្តែជាទូទៅប្រាក់ទាំងអស់ ដែលបានចាយលើទីផ្សារកម្ពុជា ដែលចំណុចងាយស្រួលសម្រាប់ទាក់ទាញការវិនិយោគ»

សូមជម្រាបថា ប្រាក់ដុល្លារត្រូវបានប្រើប្រាស់នៅកម្ពុជា ក្នុងកំលុងឆ្នាំ១៩៩៣។ ប្រាក់ដុល្លារបានរួមចំណែកជាវិជ្ជមាន នៃការរីកចម្រើន សកម្មភាពសេដ្ឋកិច្ចកម្ពុជា។

ដោយឡែកប្រាក់រៀលរបស់ជាតិ ត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព សំដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាការពារអំណាចទិញរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ ធនាគារជាតិនៃកម្ពុជា តែងតែផ្សព្វផ្សាយពីប្រាក់រៀល ដើម្បីជំរុញឲ្យប្រជាជនយល់ដឹងពីប្រាក់រៀល និងចាយវាយប្រាក់រៀលកាន់តែច្រើនឡើង៕