(ភ្នំពេញ)៖ តាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ញើលទ្ធផលនៃជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងបានចាត់ទុកជោគជ័យនេះគឺស្នាដៃជាតិខ្មែទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំសុំយកវេទិកាពីទីនេះផ្ញើជូននូវសមិទ្ធផលទាំងអស់នៃស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនប្រជាពលរដ្ឋទាំងអស់ នេះគឺជាស្នាដៃរបស់ជាតិខ្មែរទាំងមូលតែម្តង»

សម្តេចតេជោ បានបន្ថែមថា ពិតមែនតែឈ្មោះសម្តេចជាមេដឹកនាំគន្លឹះ ដែលអាចថាមានអំណាចខ្ពស់បំផុត ប៉ុន្តែសម្តេចម្នាក់ឯងធ្វើមិនកើតទេ គឺត្រូវមានយន្តការនៃការធ្វើដូចជាប្រធានគណៈកម្មាធិការដឹកនាំការប្រកួត ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​រៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមទាំងក្រុមការងារ និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត ហើយក៏មានយុវជនរាប់ពាន់នាក់ចូលរួម ទើបទទួលបានជោគជ័យដូចនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាក់ស្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានយុវជនចូលរួមប្រមាណ ៧ពាន់នាក់ ហើយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានយុវជនចូលរួមហែរក្បួនប្រមាណ ២ពាន់នាក់ និងមានយុវជនផ្សេងៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រដែលទុកឱ្យកូនចៅជំនាន់ក្រោយទទួលផល និងបានដឹងថា ដូនតាខ្លួនបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយមិនបានយកថវិកាពីប្រទេសណាបន្តិចនោះទេ។

សូមជម្រាបថា បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល​រៀប​ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើម​នៅថ្ងៃទី​២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ​ឧសភា និងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បើទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែ​មួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានប្រព្រឹត្ត​ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុត​សម្រាប់​​​កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡា​ស៊ីហ្គេម​នេះផងដែរ។

ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។ ពិសេសការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

ជាមួយគ្នានោះព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នឹងបានបិទបញ្ចប់ទាំងស្រុងនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ៕