(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារព្រមាន មន្ត្រីគណបក្សភ្លើងទៀន លោក ស សាឡុងដេត និងបន្តប្រកាសថា សម្តេចមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់នោះឡើយ។

សារព្រមានរបស់សម្តេចតេជោ បានធ្វើឡងបន្ទាប់ពី លោក ស សាឡុងដេត ក្នុងកិច្ចប្រជុំថ្មីៗនេះ ចង់បង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀន។ ជាមួយគ្នានេះ លោក ស សាឡុងដេត ក៏បានរិះគន់លើការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។

«ហ្អែងកុំភ្លេចណា ទំនាក់ទំនងហ្អែង និងអាក្បត់ជាតិ ៣ជំនាន់នៅសល់។ ហ៊ុន សែន មិនអត់ឲ្យនរណាទាំងអស់ ដែលមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ជំនាន់ ហើយអ្នកណាក៏ដោយ​ដែលផ្តាច់ខ្លួន ពីអាក្បត់ជាតិ ៣ជំនាន់ គឺ ហ៊ុន សែន លើកលែងទោសទាំងអស់»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ពេលអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើលទ្ធផលដ៏ជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជូនប្រជាពលរដ្ឋគ្រប់រូប។ សម្តេចតេជោ ចាត់ទុកជោគជ័យនេះ គឺស្នាដៃជាតិខ្មែទាំងមូល។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ ស សាឡុងដេត ថា មិនអនុញ្ញាតឱ្យបង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀននោះឡើយ។ សម្តេចតេជោ បានប្រាប់សមត្ថកិច្ចការពារ ស សាឡុងដេត ខ្លាចជនទី៣ ទៅប្រព្រឹត្តហិង្សាលើ ហើយបែរជាទម្លាក់កំហុសខាងបក្សប្រជាជនកម្ពុជាវិញ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀត កុំឱ្យជឿលើការញុះញង់របស់ ស សាឡុងដេត។

សម្តេចតេជោ បានបន្តចោទសួរថា តើនរណាជាអ្នកទទួលបានផលចំណេញពីការស្លាប់របស់លោក កែម ឡី? បក្សប្រជាជនកម្ពុជា គ្មានអ្វីចំណេញពីការស្លាប់របស់លោក កែម ឡី នោះទេ។ សម្តេចតេជោ ថ្លែងទៀតថា ក្រុមប្រឆាំងពូកែទាញប្រយោជន៍ពី «ខ្មោច» សូម្បី «ខ្មោចឆ្កែ» ក៏ទាញប្រយោជន៍ដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យរឹបអូសផ្ទះ ចំពោះសមាជិកប្រឆាំង ដែលមិនព្រមបង់តាមការណែនាំមេរបស់ខ្លួន។

សូមជម្រាបថា បើតាមខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញ Telegram គឺលោក ស សាឡុងដេត បានប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣៕