(ភ្នំពេញ)៖ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានតែជាតិនិងប្រជាជនក្នុងចិត្តនោះ នៅតែខិតខំពុះពារទាក់ទាញឱ្យមានការវិនិយោគនៅក្នុងប្រទេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាជន ឯមេដែកសំខាន់បំផុតក្នុងការស្រូបទាញវិនិយោគពីបរទេសនោះ គឺសុខសន្តិភាព។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអំឡុងវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាធានាឱ្យរោងចក្រ/សហគ្រាសបន្តដំណើរការ ហើយនៅពេលមានបញ្ហាកូវីដ១៩នោះ គឺតំបន់រោងចក្រនេះហើយដែលជាបញ្ហាធំដែលត្រូវគិតគូរជាចាំបាច់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលប្រឹងដាក់វិធានការនានាដើម្បីសង្គ្រោះប្រជាជន កម្មករនិយោជិតឱ្យរួចផុតពីការរាតត្បាតជំងឺកូវីដនោះ។

សម្ដេចតេជោបានលើកឡើងពីវិធានការចាក់ស្រោចវ៉ាក់សាំង និងបានថ្លែងអំណរគុណចំពោះកម្មករនិយោជិតដែលព្រមទទួលយកវ៉ាក់សាំងបង្ការ ដែលជាវិធីដ៏ចាំបាច់ក្នុងការការពារខ្លួនពីជំងឺដ៏កាចសាហាវនោះ។

សម្ដេចតេជោក៏បានលើកឡើងពីការឧបត្ថម្ភប្រាក់ចំនួន៧០ដុល្លារ ជូនដល់កម្មករនិយោជិតដែលត្រូវថៅកែរោងចក្រព្យួរកិច្ចសន្យាការងារ ក្នុងនោះរាជរដ្ឋាភិបាលផ្ដល់៤០ដុល្លារ និង៣០ដុល្លារទៀតបានពីថៅកែរោងចក្រ ដើម្បីជួយទប់លំនឹងជីវភាពរបស់កម្មករនិយោជិតក្នុងជួបវិបត្តិជំងឺកូវីដ១៩។

ក្រៅពីនោះ រាជរដ្ឋាភិបាលបានអនុវត្តវិធានការចាំបាច់ផ្សេងទៀត ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងទិញរបស់ប្រជាជន និងកម្មករជួបនូវអតិផរណា គឺខិតខំទប់ស្កាត់អតិផរណា ទប់ស្កាត់ការឡើងថ្លៃទំនិញនានា ខិតខំជំរុញទីផ្សារ រក្សាអត្រាប្ដូរប្រាក់ ដើម្បីធានាថាប្រជាជនមិនទទួលការខាតបង់ធំពេក ស្របពេលអតិផរណាកំពុងកើតឡើងទូទាំងពិភពលោកនាពេលនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ចាប់ពីពេលនេះតទៅ រោងចក្រត្រូវបានបើកដំណើរការឡើងវិញហើយ កម្មករ/កម្មការិនីក៏ទទួលបានផលប្រយោជន៍ដូចដើមដែរ ជាមួយនឹងប្រាក់ឈ្នួលឡើងរាល់ឆ្នាំ។

សម្ដេចតេជោបានគូសបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩តទៅ រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឱ្យមកវិនិយោគនៅក្នុងប្រទេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាជន។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកំពុងអំពាវនាវទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេសឱ្យមកបណ្ដាក់វិនិយោគបន្ថែមនៅក្នុងប្រទេស ដើម្បីបង្កើនទំនិញសម្រាប់ការនាំចេញ និងដោះស្រាយផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងប្រទេស»

រាជរដ្ឋាភិបាលកំពុងជំរុញការកសាងផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី បណ្ដាញទឹកស្អាតឱ្យបានគ្រប់គ្រាន់ ព្រមទាំងពន្លឿនការកសាងកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ រួមជាមួយគោលនយោបាយលើកទឹកចិត្ត សម្រួលផ្នែកច្បាប់ អនុគ្រោះការបងពន្ធនាគ្រាដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។

សម្ដេចតេជោបានបន្ថែមថា កត្តាដែលសំខាន់ជាងគេបំផុតនោះ គឺសុខសន្តិភាព ដែលកម្ពុជាមានស្រាប់ និងកំពុងខិតខំថែរក្សាការពារយ៉ាងដាច់ណាត់។ សន្តិភាព គឺជាមេដែកដ៏មានអានុភាពក្នុងការទាក់ទាញវិនិយោគពីបរទេស និងសម្រួលដល់កិច្ចការផ្សេងៗទាំងឡាយទាំងពួង៕