(កណ្តាល)៖ ក្រុមកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រស្តារឡៃថ៍ ស្ថិតនៅតំបន់សេដ្ឋកិច្ច 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា ពេលបងប្អូននៅខាងក្រៅមិនធ្វើការ រោងចក្រ មិនបានបង្ខំឱ្យផ្តិតមេដៃជាថ្នូរនឹងការចូលធ្វើការនោះទេ ពោលគឺពួកគាត់ជាកម្មករជាអ្នកសម្រេចចិត្តដោយខ្លួនឯង។

ការថ្លែងបែនេះរបស់ក្រុមកម្មករកម្មារិនី ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកថា រោងចក្រមួយបង្ខំឲ្យកម្មករផ្តិតមេដៃ ទើបអនុញ្ញាតឱ្យចូលធ្វើការបាន។

កម្មការិនីដែលកំពុងបម្រើការងារនៅ រោងចក្រស្តារឡៃថ៍ អ្នកនាង ជា វណ្ណនី បានឱ្យដឹងថា «ក្រុមហ៊ុនមិនមានការបង្ខិតបង្ខំឱ្យកម្មករធ្វើការផ្តិតមេដៃនោះទេ ព្រោះក្រុមហ៊ុនគេបាននិយាយ ណែនាំយើងបើយើងស្ម័គ្រចិត្តធ្វើការ យើងផ្តិតទៅ តែបើយើងមិនចង់ចូលធ្វើការ បងប្អូនអាចនៅខាងក្រៅធ្វើការទាមទារបាន»

ស្ត្រីដែលកំពុងមានផ្ទៃពោះ៨ខែរូបនេះ បានបន្ថែមថា៖ «ខ្ញុំធ្វើការនៅកន្លែងនេះជាង១០ឆ្នាំ កម្មករទាំងអស់នៅក្នុងរោងចក្រនេះស្ម័គ្រចិត្តធ្វើការ ហើយម៉្យាងក្រុមហ៊ុនមិនបានបង្ខំឱ្យកម្មករណាម្នាក់ធ្វើការលើសកម្លាំងនោះទេ»

ចំណែកកម្មករម្នាក់ទៀតដែលកំពុងបម្រើការនៅក្នុងរោងចក្រមួយនេះដែរ លោក លី រដ្ឋា បានបញ្ជាក់ថា កម្មករផ្តិតមេដៃ ទើបអនុញ្ញាតឱ្យចូលធ្វើការបានជាពាក្យចចាមរាម ពោលគឺក្រុមហ៊ុនមិនមានការបង្ខំឱ្យកម្មករផ្តិតមេដៃដូចការ ចុះផ្សាយនោះទេ វាជាការស្ម័គ្រចិត្តរបស់បងប្អូនកម្មករដែលគាត់មិនធ្វើការទាមទារ ហើយចង់ធ្វើការងារ។

ដោយឡែកសម្រាប់ប្រធានសហជីពការងារ ដើម្បីកម្ពុជាប្រចាំរោងចក្រស្តារឡៃថ៍ លោក វ៉ិត វណ្ណា បានឱ្យដឹងថា ការផ្តិមមេដាយជារឿងដ៏ត្រឹមត្រូវ គឺដើម្បីបញ្ជាក់ថាយើងមកធ្វើការ ឬអត់។

លោកបានបន្ថែមថា៖ «ការផ្តិតមេដៃនេះផងដែរ គឺក្រុមហ៊ុន មិនយកឈ្មោះបងប្អូនទៅណានោះទេ គឺបងប្អូនកម្មករផ្តិតមេដាយបញ្ជាក់ថា យើងមកធ្វើការ ឬអត់តាមថ្ងៃនីមួយៗ។ ហើយការផ្តិតមេដាយនេះមិនមានការបង្ខិតបង្ខំ ពីខាងរោងចក្រទេ វាជារឿងស្ម័គ្រចិត្តរបស់បងប្អូនកម្មករយើង ចឹងគ្មានអ្នកណាបង្ខំអ្នកណានោះទេ»

សម្រាប់លោក ឡាក់ គឹម ម៉ូរ៉ា នាយកផ្នែកអនុវត្តន៍ច្បាប់នៃរោងចក្រស្តារឡៃថ៍ បានឱ្យដឹងថា៖ «មូលហេតុដែលក្រុមហ៊ុនដាក់ក្រដាសឱ្យកម្មករផ្តិតមេដៃ ដោយសារបងប្អូនខ្លះនៅខាងក្រៅចង់ចូលធ្វើការ ហើយគាត់ស្នើរសុំចូលធ្វើការ គាត់អត់បានចូលធ្វើការ។ អ៊ឹចឹងទើបយើងដាក់ក្រដាសឱ្យគាត់ផ្តិតមេដាយ ដើម្បីស្រួលបែងចែកឱ្យពួកគាត់ធ្វើការងារ ហើយការផ្តិតមេដាយនេះ មិនមានការបង្ខំពីក្រុមហ៊ុននោះទេ»