(ភ្នំពេញ)៖ ក្នុងដំណាក់កាលចុងក្រោយនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានធ្វើឲ្យកម្ពុជាសម្រេចបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ សម្រាប់ប្រជាជាតិទាំងមូលជាពិសេសធ្វើឲ្យប្រទេសជាតិ មានឈ្មោះបោះសំឡេងយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អនុប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយ ខណ្ឌមានជ័យ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៥១១នាក់ ស្មើនឹងសមាជិកបក្សសរុប២០៨២នាក់ នៅភូមិទ្រា៤ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោកបន្តថា ជាក់ស្ដែងនៅពេលកន្លងមកថ្មីៗនេះ កម្ពុជាបានអនុវត្តបានយ៉ាងជោគជ័យនូវព្រឹត្តិការណ៍ធំៗច្រើន ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំ មហាអំណាចធំ មានទាំងសហរដ្ឋអាមេរិក មហាអំណាចចិន និងប្រទេសមួយចំនួនទៀត នៅលើពិភពលោកមកប្រជុំនៅប្រទេសកម្ពុជា។

លោកថា «ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ១៩ និងបានបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញ ហើយនៅចុងក្រោយនេះទៀត កម្ពុជាទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីឆាកអន្តរជាតិ តាមរយៈមិនយកលុយពីការហូបចុក ស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីការ ប្រតិភូកីឡា និងការមិនលក់សំបុត្រឲ្យអ្នកទស្សនាជាដើម ដែលជាការទាក់ទាញមួយយ៉ាងធំសម្រាប់ភ្លៀវទេសចរអោយមកលេងនៅកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើនអ្នកវិនិយោគ មកកម្ពុជា ក៏កាន់តែច្រើនផងដែរ»។

លោក នួន ផារ័ត្ន បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋមានឈ្មោះទៅបោះឆ្នោត ចំនួន៩៦ម៉ឺននាក់ ក្នុងនេះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៧១ម៉ឺននាក់។

លោកបានចាត់ទុកថា សមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕