(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសានគរ ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំ។

លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណបងប្អូនពូមីងទាំងអស់ដែលបានលះបង់ក្នុងការងារគណបក្ស ដែលធ្វើឲ្យភូមិឃុំទាំងអស់មានការរីកចម្រើនពីព្រោះមានតែបងប្អូនថ្នាក់មូលដ្ឋាននេះហើយដែលជាកម្លាំងស្នូល ជាឬសកែវដ៏រឹងមាំរបស់បងប្អូនប្រជាពលរដ្ឋដែលដឹងពិតប្រាកដអំពីទុក្ខលំបាករបស់ពួកគាត់។

លោកស្រីបានបន្ថែមទៀតថា ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ គណបក្សប្រជាជនកម្ពុជា និងទទួលបានជ័យជំនះ ក៏ប៉ុន្តែមុននឹងឈានដល់ ជ័យជំនះក្រុមការងារ គណបក្សឃុំទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងតាមដាននៅចំណុចខ្វះខាតមួយចំនួនដែលកន្លងមកនៅខ្វះចន្លោះព្រោះយើងឃើញថា ចំនួនអ្នកដែលមកបោះឆ្នោត មានការថយចុះដោយមូលហេតុការធ្វើចំណាកស្រុក និងពួកគាត់ខ្វះឯកសារផ្សេងៗដែលធ្វើឲ្យពួកគាត់មិនអាចបោះឆ្នោតបាន។

ដូច្នេះក្រុមការងារយើងទាំងអស់ត្រូវតែសម្របសម្រួលកិច្ចការនេះឲ្យមានប្រសិទ្ធភាព ពីព្រោះរយៈពេល នៃថ្ងៃបោះឆ្នោតរបស់យើងខិតជិតមកដល់ហើយប្រសិនបើក្នុងករណីដែលគ្រួសារណាម្នាក់ មិនមានឯកសារគ្រប់គ្រាន់ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណត្រូវធ្វើការកោះហៅ និងអញ្ជើញពួកគាត់មកធ្វើឯកសារទាំងនេះឲ្យបានទាន់ពេលវេលាពីព្រោះយើងមានរយៈពេលខ្លីណាស់។

លោកស្រីបានបន្តទៀតថា សមាជិកក្រុមការងារទាំងអស់ ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីតម្លៃនៃសុខសន្តិភាព ហើយមានតែគណបក្ស ប្រជាជនកម្ពុជា តែមួយគត់ ដែលបានការពារសន្តិភាព និងធ្វើឲ្យប្រជាជនរស់នៅក្រោមដំបូលសន្តិភាពប្រកបដោយសុខដុមរមនា ហើយមានតែសម្ដេចតេជោសែនតែម្នាក់គត់ ដែលមិនរត់ចោលប្រជាជននៅជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនដែលមិនមានបុគ្គលណាម្នាក់អាចធ្វើបានដូចសម្ដេចឡើយ។

លោកស្រីបានលើកឡើងទៀតថា ទោះបីមានគណបក្សពីរ ដែលត្រូវបាន គជប បដិសេធមិនឲ្យចូលរួមក្នុងការបោះឆ្នោតក៏ដោយក៏សមាជិក សមាជិកា ទាំងអស់ត្រូវធ្វើយ៉ាងណាពង្រឹងក្រុមការងាររបស់ខ្លួន គឺមិនត្រូវធ្វេសប្រហែស និងតាមដានរាល់ព័ត៌មានអសកម្មនានាដែលបណ្ដាលមកពីក្រុមគណបក្សនោះ អុចអាលបំបែកបំបាក់ ឬក៏ផ្សព្វផ្សាយនៅព័ត៌មានក្លែងក្លាយដែលធ្វើឲ្យមតិមហាជនមានការយល់ច្រឡំ។

ជាចុងក្រោយលោកស្រីបានសំណូមពរ និងជំរុញដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវតែធ្វើការនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពព្រមទាំងអនុវត្តការងារឱ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់ គជប និងចៀសវាងធ្វើអំពើ ខុសឆ្គងណាមួយដែលនាំឲ្យ ជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយ បង្ខូចឈ្មោះរបស់គណបក្សយើង ព្រមទាំងប្ដេជ្ញាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕