(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធស្នាក់ការបក្សឃុំចំនួន៩ និងសំណេះសំណាលជាមួយសមាជិកបក្សជាង ៨,០០០នាក់ មកពី១៤ឃុំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ស៊ីម គង់ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ បានឲ្យដឹងថា ការងារសាងសង់អគារស្នាក់ការគណបក្ស ដោយមានការចង្អុលបង្ហាញ និងការណែនាំពីសំណាក់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោក លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក រួមជាមួយក្រុមការងារទាំងអស់ បានសាងសង់អគារគណបក្សឃុំចំនួន៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលចំណាយទឹកប្រាក់សរុប ចំនួន ៣៩៤.៦២៥ដុល្លារ ដែលដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនាពេលនេះ។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ការជួបជុំនាពេលនេះ ក្នុងគោលបំណងចង់ឱ្យថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រធាន-អនុប្រធានក្រុម ជ្រួតជ្រាបឱ្យបានច្បាស់ នៃការកំណត់គោលនយោបាយរបស់បក្ស និងផែនការសកម្មភាពរបស់គណបក្សប្រជាជនខេត្តកំពង់ចាម។

លោក យឹម ឆៃលី បានបន្តថា ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកស្រីសន្ធរថា ចំពោះគោលនយោបាយយុទ្ធសាស្ត្ររបស់ គណបក្សត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានបទពិសោធន៍ គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺការបោះឆ្នោត ៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា៕