(បន្ទាយមានជ័យ)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ព្រមទាំងដកហូតថ្នាំប្រភេទខេទឹកកកចំនួន៤ថង់ និងយ៉ាម៉ា១០៦គ្រាប់។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ ដោយសារកម្លាំងនគរបាលប៉ុស្តិ៍នគរបាលផ្សារកណ្តាល ទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅចំណុចកូនខ្ទមស្ថានីយ៍រថភ្លើង ភូមិសង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ (មេជួញដូរគ្រឿងញៀន)
*ទី២៖ ឈ្មោះ សុង ពុទ្រា អាយុ១៩ឆ្នាំ
*ទី៣៖ ឈ្មោះ ខន ខាន អាយុ១៧ឆ្នាំ
*ទី៤៖ ឈ្មោះ ស៊ីម ពៅ អាយុ២៩ឆ្នាំ
*ទី៥៖ ឈ្មោះ ដន ចាន់រិទ្ធ អាយុ១៧ឆ្នាំ
*ទី៦៖ ឈ្មោះ ផេង វ៉ាន់ អាយុ៣៨ឆ្នាំ។

លោក ប្រិម សុផល បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យ៦នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល ហើយត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕