(ត្បូងឃ្មុំ)៖ លោកស្រីបណ្ឌិត ដាំ ដារីនី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយ ឃុំរកាពប្រាំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន៨៨៥នាក់ នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធីសំណេះសំណាលលោកស្រីបណ្ឌិត ដាំ ដារីនី ធ្វើការពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកាគណបក្ស និងបានថ្លែងអំណរគុណដល់សមាជិកបក្សទាំងអស់ ដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកស្រីបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះសមាជិកបក្សថ្មីទាំង៨៨៥នាក់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សមិទ្ធផលធំៗជាច្រើនដែលគណបក្សប្រជាជនសម្រេចបានរួមានការរំដោះប្រទេសជាតិ ប្រជាជនចេញពីរបប ប៉ុល ពត នាំមកនូវសិទ្ធិសេរីភាពជូនប្រជាជនឡើងវិញ។ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើឲ្យមាននូវសន្តិភាព ឯកភាពជាតិពេញលេញ ស្ថេរភាពនយោបាយ ដែលធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។

លោកស្រីបណ្ឌិត ដាំ ដារីនី បានបន្តថា សមាជិកបក្សមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្សសំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនា ផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់លើកការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបណ្ឌិត ដាំ ដារីនី បានគូសបញ្ជាក់ថា៖ «ថែរក្សាការពារសន្តិភាព ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាំមកដោយលំបាកបំផុត។ គោលនយោបាយរបស់គណបក្ស គឺធ្វើអ្វីៗគ្រប់យ៉ាងដេីម្បីបុព្វហេតុជាតិ និងប្រជាជន»

លោកស្រីបណ្ឌិត បានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ត្រូវពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឱ្យបានរួចរាល់នូវឯកសារបម្រើឱ្យការបោះឆ្នោត និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ព្រោះសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក។

ក្នុងឱកាសនោះ សមាជិកគណបក្សចូលថ្មីទាំង៨៨៥នាក់ លោកស្រីបណ្ឌិត ដាំ ដារីនី បានឧបត្ថម្ភអំណោយក្នុងម្នាក់ៗទទួលបាន អាវយឺត ចំនួន១ មួកចំនួន១ និងថវិកាចំនួន២ម៉ឺនរៀល៕