(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារមួយដោយរៀបរាប់ពីទិដ្ឋភាពនានា ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខនេះ ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាអ្នកនយោបាយជើងចាស់ ១រូបរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាទៅរកសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត។ លោក ហោ ណាំហុង បានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំដ៏អស្ចារ្យបំផុត ដែលអាចការពារសន្តិភាព និងការអភិវឌ្ឍដល់កម្ពុជា ហើយបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍអ្វីដែរ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ជាថ្មីថា ទន្ទឹមនឹងលេខរៀងទី១៨ សូមប្រជាពលរដ្ឋចំណាំរូបសញ្ញាទេវតាបាចផ្កា។ លោកបន្ថែមថា ទេវតាបាចផ្កានេះ គឺជាការផ្តល់ពរជ័យដល់កម្ពុជា មានន័យថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់ក្តីសុខដល់សង្គមជាតិទាំងមូល៕