(ភ្នំពេញ)៖ លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន តំណាង លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមេក្រុមបក្សនៅមូលដ្ឋានសង្កាត់ទួលទំពូងទី២ សង្កាត់បឹងប្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំនួន ៣,៤៣៤នាក់។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌចំការមន, គណៈកម្មាធិការគណបក្សខណ្ឌចំការមន, ប្រធានក្រុមការងារចុះជួយមូលដ្ឋាននៅតាមបណ្តាសង្កាត់របស់ខណ្ឌចំការមន និងប្រធានគណៈកម្មាធិការបក្សសង្កាត់។

នាឱកាស នៃពិធីសំណេះសំណាល លោក សំហេង បុរស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលទំពូងទី២ សង្កាត់បឹងប្របែក និងសង្កាត់ផ្សារដើមថ្កូវ គណៈកម្មាធិការគណបក្ស សង្កាត់ទួលទំពូងទី២ សង្កាត់បឹងប្របែក និងសង្កាត់ផ្សារដើមថ្កូវ ដែលបានសហការគ្នាយ៉ាងល្អ សស្រាក់សស្រាំ តាមការណែនាំរបស់គណបក្ស និងវាយតម្លៃអំពីគុណតម្លៃការងារដែលបានអនុវត្តកន្លងមក។

លោក សំហេង បុរស ក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការសកម្មភាព សម្រាបត្រៀមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា នាពេលខាងមុខនេះ។

ព្រមជាមួយនេះ លោកបានសំណូមពរឲ្យក្រុមការងារទាំងអស់បន្តចុះជួប និងសួរសុខទុក្ខសមាជិកបក្ស និងប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឲ្យបានច្រើន ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕