(កំពត)៖ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ លោក នេត្យ ភក្រ្តា បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈសម្រាប់ការបោញឆ្នោតជ្រើសរើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាពលរដ្ឋ ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោក​ នេត្រ ភក្ត្រា​ បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង ហើយនឹងទទួលបានការ គាំទ្ររៀងរាល់ការបោះឆ្នោត បន្តដឹកនាំប្រទេសតទៅទៀត។

លោកបានលើកឡើងថា ប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស​ និងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ​ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិពិតប្រាកដតាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែងនិយមឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់លោក​ នេត្រ ភក្ត្រា​ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងពេលចូលជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ទឹងកែវ ស្រុកទឹកឈូ ដើម្បីពង្រឹងការចុះតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានបន្តថា ថ្នាក់ដឹកនាំបក្សជាពិសេសសម្តេចតេជោ​ ហ៊ុន សែន ប្រធានគណបក្ស ជាមេដឹកនាំពោរពេញដោយទេពកោសល្យនៃការដឹកនាំ ជាអគ្គមគ្គុទ្ទេសក៍ឯកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។

អនុប្រធានក្រុមការងារ បានកោតសរសេរសមាជិកសមាជិកាក្រុមការងារគណបក្ស និងសមាជិកនៃគណៈកម្មាធិការបក្សឃុំស្ទឹងកែវ​ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ តស៊ូលះបង់ខ្ពស់ក្នុងការងារពង្រឹង ការគាំទ្របក្ស នៅថ្នាក់មូលដ្ឋានសំដៅប្រែក្លាយសមាជិកម្នាក់ឱ្យទៅជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹកនៅពេលបោះឆ្នោតខាងមុខ។

លោក នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថា អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ និងការលំបាកឡើយដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ​ហ៊ុន សែន ប្រធានគណបក្ស គឺជាគំរូដ៏ល្អប្រកបដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិនិងប្រជាជន។

លោកបានជំរុញសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកែវ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបង្កើនការបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋមូលដ្ឋាន និងក្តាប់ឱ្យជាប់មូលសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត​ បានប្តេជ្ញាចិត្តយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​​ ខាងមុខតាមរយៈការបន្តបង្កើនការធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕