(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅភូមិតាប៉ោ និងភូមិសំឡីខាងជើង ឃុំសំឡី បានធ្វើការអំពាវនាវដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ សូមជួយពិនិត្យមើលក្រុមហ៊ុនចំនួន២ ដែលទទួលការកែលម្អផ្លូវដី និងផ្លូវថ្មបំបែក ស្ថាបនាមិនត្រឹមត្រូវតាមស្តង់ដារ កិច្ចសន្យានៃគម្រោង។ ប្រជាពលរដ្ឋអំពាវនាវនេះបានកើតឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ២០២៣ នៅភូមិតាប៉ោ និងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៌។ 

គម្រោងទី១ ប្រជាពលរដ្ឋនៅភូមិតប៉ោ ឃុំសំឡីបានលើកឡើងថា នៅភូមិតាប៉ោ ទទួលបានគម្រោងកែរលម្អផ្លូវ ក្រាលថ្មបំបែក ១ខ្សែ ប្រវែង១,៣៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលថ្មបំបែកកម្រាស់០,១៥ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់ ១១០លានរៀល ហើយបានប្រកាសបើកការដ្ឋាន នៅព្រឹកថ្ងៃទី៦ មិថុនា ២០២៣ ហើយបានដកគ្រឿងចក្រនៅថ្ងៃទី០៨ មិថុនា ២០២៣ ដោយការអនុវត្តកែលម្អផ្លូវខុសកិច្ចសន្យា គឺការក្រាលថ្មបំបែកស្តើង កន្លែងខ្លះកម្រាស់ ០,១០ម៉ែត្រ កន្លែងខ្លះ បានតែ០,០៥ម៉ែត្រ ប៉ុណ្ណោះ តាមកិច្ចសន្យាគឺកម្រាស់ ០,១៥ម៉ែត្រ។

លោកមេឃុំ សំឡី បានប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៩ មិថុនា ថា ឃុំសំឡី ទទួលបានគម្រោងកិច្ចសន្យា កែរលម្អ ផ្លូវលំចំនួន២ខ្សែ គម្រោងទី១ នៅភូមិតាប៉ោ កែលម្អផ្លូវ ១ខ្សែ ប្រវែង១,៣៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលថ្មបំបែក កម្រាស់០,១៥ម៉ែត្រ ដែលមានទឹកប្រាក់ ១១០លានរៀល បានដាក់ដេញថ្លៃ កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០២៣  មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន ០៣ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុនរស្មីវង់ភគ្រ័ ក្នុងទឹកប្រាក់ ១១០លានរៀល។

លោកមេឃុំបានបន្តទៀតថា ក្រុមហ៊ុន បានចុះអនុវត្តគម្រោង នៅថ្ងៃទី២៨ ឧសភា ២០២៣ ហើយបានប្រជុំបើកការដ្ឋាន នៅព្រឹកថ្ងៃទី៦ មិថុនា ២០២៣ ដោយមានការអញ្ជើញជាអធិបតី ពីសំណាក់លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌។ ក្រោយពីបើកការដ្ឋាន បាន០៣ថ្ងៃ គឺនៅថ្ងៃទី០៨ មិថុនា ២០២៣ ក្រុមហ៊ុនបានដកគ្រឿងចក្រចេញ ទើបមានប្រតិកម្មពីប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរឃុំនៃតំណាងគណកម្មការម្ចាស់គម្រោង បានចុះទៅពិនិត្យមើលផ្លូវក្រាលថ្មបំបែក ឃើញថាការក្រាលថ្មបំបែករបស់ក្រុមហ៊ុន គឺ ស្តើងមែន លោកមេឃុំក៏បានហៅក្រុមហ៊ុនទទួលការមកសាកសួរ ក្រុមហ៊ុន ប្រាប់ថា ក្រុមហ៊ុនទើបតែអនុវត្ត បាន៥០ភាគរយ មិនទាន់រួចរាល់នៅឡើយទេ ក៏ប៉ុន្តែ ក្រុមហ៊ុនដកគ្រឿងចក្រ ទៅធ្វើកន្លែងផ្សេងសិន ដល់សប្តាហ៍ក្រោយទើបយកថ្ម មកចាក់បន្ថែមកន្លែងណាដែលស្តើងមិនទាន់គ្រប់តាមកិច្ចសន្យា។

លោកមេឃុំបន្តទៀតថា នៅពេលណា ក្រុមហ៊ុនរស្មីវង់ភគ្រ័យកថ្មនិងគ្រឿងចក្រមកធ្វើបន្ត រួចដាក់សំណើរបញ្ចប់គម្រោងក្រុមការងារនៃគណកម្មការបច្ចេកទេស លទ្ធកម្មឃុំ ស្រុកនិងខេត្តចុះពិនិត្យឃើញថា ត្រូវតាមគម្រោងកិច្ចសន្យា ទើបទទួលនិងបើកប្រាក់ជូនក្រុមហ៊ុន។ ចំពោះគម្រោងទី២ នៅភូមិសំឡីខាងជើង គឺជាគម្រោងកិច្ចសន្យា កែលម្អ ផ្លូវដី០១ខ្សែ ប្រវែង២,៩២០ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្ពស់០,៤០ម៉ែត្រ ដែលមានទឹកប្រាក់១៦៧លានរៀល ក្រុមហ៊ុនដេញថ្លៃបានទៅក្រុមហ៊ុន គង់ សុភី។

លោកមេឃុំបានបញ្ជាក់ថា ករណីប្រជាពលរដ្ឋលើកឡើង ក្រុមហ៊ុនយកដីស្អុយ ទៅចាក់ធ្វើផ្លូវនោះ លោកនិងក្រុមការងារតំណាងម្ចាស់គម្រោងរបស់ឃុំបានចុះទៅពិនិត្យមើលហើយ គឺមុនដំបូងក្រុមហ៊ុនបានយកដីល្អ គឺជីរណ្តៅដី ដីឥដ្ឋ ចាក់បានប្រមាណជាង១គីឡូម៉ែត្រ ក៏មានភ្លៀងធ្លាក់ធ្វើឲ្យរថយន្តដឹកដីចូលទៅដឹកដី នៅកន្លែងរណ្តៅដីលែងបានទើប ក្រុមហ៊ុនសុំប្តូរទីតាំង ទៅយកដីនៅឯបឹងមកជំនួស ដោយអជ្ញាធរមិនអាចរារាំងការងារក្រុមហ៊ុនម្យ៉ាងខ្លាចភ្លៀង នាំឲ្យរាំងស្ទះក្រុមហ៊ុនក៏យល់ព្រមឲ្យទៅយកដី បឹងក្នុងអាងទំនប់ដូនទយមកដាក់ធ្វើផ្លូវ។

ពេលមានប្រជាពលរដ្ឋប្រតិកម្ម លោកបានចុះទៅពិនិត្យមើលដីដែលក្រុមហ៊ុនគង់ សុភី យកមកចាក់ធ្វើផ្លូវនោះគឺជាប្រភេទល្បាយខ្សាច់ និងមានលាយដីខ្មៅ ២៥ភាគរយ ហើយក្រុមហ៊ុនបានចាក់ដីបឹងនេះ ប្រវែប្រមាណជា ៣០០ម៉ែត្រប៉ុណ្ណោះ ដីមិនសូវល្អ ទើបលោកសុំឲ្យក្រុមហ៊ុនផ្អាកយកដីបឹង ប្តូររកអាចម៍ដីល្អមកធ្វើផ្លូវបន្ត ក្រុមហ៊ុនក៏បានយល់ព្រម។

លោកមេឃុំបន្តទៀតថា ឃុំមានលោកមេភូមិជាតំណាងឲ្យម្ចាស់គម្រោងនៅមើលគ្រប់ដំណើការ បើក្រុមហ៊ុនទទួលការអនុវត្តមិនត្រូវតាមស្តង់ដា បច្ចេកទេសនៃកិច្ចសន្យា ឃុំមិនទទួលយក និងមិនបើកប្រាក់ជូនក្រុមហ៊ុនទេ។

ទាក់ទិនករណីនេះដែរលោក គង់ សុភី ប្រធានក្រុមហ៊ុនគង់ សុភី បានប្រាប់អ្នកសារព័ត៌មានថា ដោយមានភ្លៀងប៉ុន្មានថ្ងៃ ធ្វើឲ្យរថយន្តដឹកដី មិនអាចចូលទៅដឹកអាចន៌ដីនៅរណ្តៅដីបាន លោកបានប្តូរទៅជីកយកអាចម៌ដីនៅឯបឹងវិញ ហើយដីនោះមានរបាយខ្សាច់និងដីឥដ្ឋពណ៌ខ្មៅ មិនមែនជាដីស្អុយទេ អ្នកបច្ចេកទេសគេយកចូលឡាបូរ ទឹបដឹង គឺជាប្រភេទដីល្អ ពេលដីឥដ្ឋខ្មៅនេះរឹង គឺរឹងដូចថ្ម ហើយក្រុមហ៊ុនលោក គឺទទួលការ អនុវត្តគម្រោងកែលម្អរផ្លូវតាមកិច្ចសន្យា។ ពេលបញ្ចប់គម្រោងប្រគល់ឲ្យក្រុមការងារគណៈកម្មការបច្ចេកទេស ពិនិត្យរួចឃើញថា ត្រូវតាមកិច្ចសន្យាទើបប្រគល់ផ្លូវជូន ហើយបើកឲ្យរថយន្តធ្វើចរាចរណ៍ រយៈពេលថែទាំ ៦ខែ បើស្រុតខូចនោះក្រុមហ៊ុនជួសជុលឲ្យវិញ។ 

ចំណែកក្រុមហ៊ុន រស្មីវង់ភ័ក្រ មិនអាចរកការបំភ្លឺបានទេរហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមិថុនា ២០២៣៕