(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូប​វន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃ​ដ៏ឧត្តុង្គ​ឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវ​បានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយ​ក្រសួងមហា​ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ច​ផ្នែកបច្ចេក​ទេស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាប្រធានកិត្តិយស តាមរយៈលិខិត​របស់ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លេខ៣៥០ និងសជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការ​របស់រាជ​រដ្ឋា​ភិ​បាល ដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើក កម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាព​ដ៏ឧត្តុង្គឧត្តម​នៃគោរមងារឧកញ៉ា តាមរយៈការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយាប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។

សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១) ធ្វើជាតំណាង​ការ​ពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា​ដែលជាសមាជិក។
២) រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើន​កិត្យា​នុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣) លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា​របស់ព្រះរាជាណាចក្រ​កម្ពុជា។
៤) បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើក​កម្ពស់​ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅ​ក្នុងព្រះរាជាណា​ចក្រកម្ពុជា។

យោងតាមរយៈសៀវភៅប្រវត្តិសាស្ត្រខ្មែរ ភាគ១ ភាគ២ បោះពុម្ពឆ្នាំ ១៩៧៣ របស់​អ្នក​ស្រី ត្រឹង ងា បានបង្ហាញថា គោរមងារ «ឧកញ៉ា» ត្រូវបានប្រើនៅសម័យ​អាណា​និគមបារាំង ហើយគោរមងារនេះ ប្រើសំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែល​គេនិយមហៅថា «ចតុស្ដម្ភ»។

គោរមងារ «ឧកញ៉ា» នាពេលនោះមានដូចជាឧកញ៉ាយមរាជ (រដ្ឋមន្ត្រីក្រសួង​យុត្តិ​ធម៌) ឧកញ៉ា ក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។ ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង) និង ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទ័ពជើងគោក)។

យោងតាមវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញឱ្យដឹងថា «ឧក​ញ៉ា» ជាពាក្យប្រើឋានន្តរស័ក្តិនៃមន្ត្រីជាន់ខ្ពស់ ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំ​តូចដូចជា លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ​កម្ពុជា នៅ​មិន​ទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងគោរមងារឧកញ៉ា ការផ្ដល់គោរម​ងារ​​ឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។

កន្លងមកការផ្ដល់គោរមងារឧកញ៉ា អនុវត្តតាមអនុក្រឹត្យលេខ១៥ អនក្រ របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ដែលក្នុងនោះ ចំណុចទី១ មាត្រា២ ចែងថា៖ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ មានតម្លៃលើស​ពីដប់ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ និងត្រូវ​បានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា»។

ចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដោយអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចែងថា សប្បុរសជនដែលបានធ្វើអំណោយជាថវិកា ឬសម្ភារៈ មានតម្លៃ​លើសពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ សប្បុរសជនដែលបានធ្វើអំណោយជាថវិកា ឬសម្ភារៈ មានតម្លៃលើសពី ៥០ម៉ឺន ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់​ដ៏ខ្ពង់ខ្ពស់​នៃព្រះ​ករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា»។

អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹង​ថា រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ គោរមងារ «ឧកញ៉ា» ដែលត្រូវបា​ន​ប្រោស​ប្រទានដោយព្រះមហាក្សត្រមានចំនួន ១,២៩៩នាក់។ ឧកញ៉ាគ្រប់ៗគ្នា បាន​ចូល​រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈ ១) ការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាស​ការងារជាច្រើន​កន្លែង​សម្រាប់ប្រជាពលរដ្ឋខ្មែរ, ២) ការបង់ពន្ធ និងអាករផ្សេងៗ ដែល​ជាប្រភពចំណូល​ចម្បង​​ជាតិ, ៣) ការជួយទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេស និង ៤) សកម្មភាព​មនុស្ស ធម៌ជាច្រើនទៀត៕