(ត្បូងឃ្មុំ)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៤៤៨ នាក់ស្រី២០៨ នាក់ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតមកពីតាមបណ្តាភូមិនានា ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាស បញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាសាខាបក្សចំណុះឱ្យគណៈកម្មការធិការបក្សមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

ការប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនឃុំកណ្តោលជ្រុំ។

នាឱកាសនោះ លោក វង សូត បានលើកឡើងថា ប្រទេសកម្ពុជាយើងរហូតមកដល់សព្វថ្ងៃនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យកាត់ដេរផងដែរ។ ពិសេស ផលផ្លែផ្កាដែលបានមកពីកំណើនសេដ្ឋកិច្ចជាតិហើយបែងចែកផលផ្លែផ្កានោះដល់ប្រជាពលរដ្ឋជាទូទៅដោយគិតទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានផ្សេងៗ ដែលបានចូលរួមចំណែកក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោក វង សូត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមកដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយយើងបានឃើញនូវអ្វីដែលជាស្នាដៃ ឬក៏ជាសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាដឹកនាំ និងរៀបចំអភិវឌ្ឍន៍ប្រទេសជាតិ រហូតដល់សព្វថ្ងៃនេះ។ ពោលគឺគណបក្សប្រជាជនកម្ពុជាយើងមានពាក្យស្លោកមួយឃ្លាថា «អរគុណសន្តិភាព» បើមានសន្តិភាព ទើបមានការអភិវឌ្ឍហើយបើគ្មានសន្តិភាពកុំនិយាយឡើយដល់ការ អភិវឌ្ឍហើយចង់ធ្វើអ្វីក៏មិនបានដែរ នេះជាការពិតដែលយើងបានឃើញ ដោយឥឡូវនេះយើងកំពុងរស់នៅក្នុងសុខសន្តិភាព។

លោក វង សូត សង្ឃឹមថា បងប្អូនស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទោះបីជាបងប្អូនមកពីប្រភពណាក៏ដោយដោយសារតែការស្រឡាញ់ទើបយើងស្មោះស្ម័គ្រមករួមរស់នៅក្នុងមហាគ្រួសារគណបក្សប្រជាជន។ ហើយអ្វីដែលពិសេសនោះសមាជិកគណបក្សប្រជាជនគឺជាកោសិកាមួយរបស់គណបក្សក្នុងការគាំទ្រដល់ការបោះឆ្នោតតាមអាណត្តិដែលច្បាប់បានកំណត់នោះហើយជាសក្តានុពលរបស់គណបក្ស និងប្រទេសជាតិ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រី វង សូត សូមកោតសរសើរ និងសម្តែងនូវការអបអរសាទរចំពោះការចូលរួមចំណែករបស់បងប្អូនសមាជិកសមាជិកា។ លោកសង្ឃឹមថា បងប្អូនយើងនឹងក្លាយទៅជាកម្លាំងចលករមួយ ដ៏ខ្លាំងដើម្បីរួមចំណែកដល់គណបក្សប្រជាជន។

ដោយឡែកគណបក្សប្រជាជនយើងនៅក្នុងឃុំកណ្តោលជ្រុំ នឹងទទួលបានសំឡេងគាំទ្រកាន់តែច្រើនឡើងថែមទៀត នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ។ ពិសេសការគាំទ្រកាន់តែច្រើន ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដើម្បីរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរបើសន្តិភាពស្ថិតស្ថេរការអភិវឌ្ឍពិតជាទៅមុខជានិច្ច៕