(កំពង់ធំ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ជំរំទ័ពទេវតា ដែលមានទ័ពស្រួចជាយុវជនសកម្មជនបក្សបានមកចូលរួមយ៉ាងច្រើនកុះករ គឺដោយសារមានបេះដូងស្រឡាញ់គាំទ្របក្ស និងជឿជាក់លើការ ដឹកនាំរបស់បក្ស និងការបានឃើញជាក់ស្តែងនូវសមិទ្ធផលដែលបក្សបានខិតខំកសាងឡើងក្នុងរយៈកាលកន្លងមកនេះ ជាពិសេសទំនុកចិត្តក្នុងការផ្ញើជោគវាសនាលើការដឹកនាំរបស់បក្សទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។

លោកបានលើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យនឹងកត្តា ២យ៉ាងរួមមាន៖

*ទី១៖ តួអង្គបេក្ខភាពនាយករដ្ឋមន្ត្រីជាសម្តេចតេជោ ពីព្រោះជាតួអង្គដែលប្រជាពលរដ្ឋស្គាល់ច្បាស់ និងជឿទុកចិត្ត ដោយតែងបានចងចាំក្នុងចិត្តជាប់រហូតមកថា ជាអ្នកសង្គ្រោះជីវិត, ការពារជីវិត និងរំដោះប្រទេសឱ្យ រួចផុតពីសង្គ្រាម ដោយបាននាំកម្ពុជាមកកាន់ត្រើយសន្តិភាព សុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ។
*ទី២៖ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្នាដៃសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងជូនជាតិ និងប្រជាជន។

បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់លើកត្តា ៣សំខាន់ រួមមាន៖

*ទី១៖ ជីវិត ដែលសំដៅដល់ការគិតគូរអំពីការសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់
*ទី២៖ ជីវភាពរស់នៅ គឺការបង្កលក្ខណៈឱ្យការរស់ចិញ្ចឹមជីវិតមានលក្ខណៈល្អប្រសើរ តាមរយៈការបើកឱកាសសម្រាប់គ្រប់ៗគ្នាដោយស្មើភាពគ្នា
*ទី៣៖ កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

«ក្នុងនាមជាយុវជនសកម្មជនបក្ស យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចសំខាន់ ៣ដើម្បី ធានាប្រៀបឈ្នះរបស់បក្ស រួមមាន៖

*ទី១៖ គាំទ្រ និងការពារបក្សគ្រប់កាលៈទេសៈ
*ទី២៖ ចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអនុវត្តគោលនយោបាយរបស់បក្សឱ្យសម្រេចតាមទិសដៅកំណត់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយបែងចែកផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយសមធម៌
*ទី៣៖ ស្គាល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជាសមាជិកបក្ស»។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត៕