(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ក្រុងស្វាយរៀង ចំនួន ៣០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក, លោកកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្ត ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។

កិត្តិសង្គហបណ្ឌិត ក៏មិនភ្លេចនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុក្ខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ បើទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយចុះ។

លោកកិត្តិសង្គហបណ្ឌិត បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះ វិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។

អតីតយុទ្ធជនដែលទទួលបានមេដាយ មានក្តីរំភើបរីករាយ ដោយបានទទួលការផ្ដល់កិត្តិយសបំពាក់ជូននូវមេដាយការពារជាតិនាពេលនេះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់កិត្តិសង្គហបណ្ឌិត គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការពារជាតិ ជូនដល់ពួកគាត់នាពេលនេះ។

នាឱកាសនោះដែរ ក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕