(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុង និងខេត្តសៀមរាប បានអំពាវនាវដល់សមាជិក និងប្រជាពលរដ្ឋដែលជាសមាជិកទាំងអស់បន្តគាំទ្រនូវគោលនយោបាយនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានលេខរៀងទី១៨ ចុងក្រោយគេ ឲ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះរបស់លោក ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានជួបប្រជុំពិភាក្សាការងារផ្សព្វផ្សាយ បែងចែក ផែនការសកម្មភាពចុះតាមខ្នងផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្មដ្ឋាន វត្តអារាម វិហារសាសនាសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាទី៧ ឆ្នាំ២០២៣ ខាងមុខ ជាមួយប្រធាន អនុប្រធាន និងសមាជិកក្រុមការងារបក្សថ្នាក់កណ្តាលប្រចាំតាមមុខព្រួញ និងក្រុមការងារមន្រ្តីបក្សថ្នាក់មូលដ្ឋានភូមិ សង្កាត់ នៅស្នាក់ការគណ:បក្សប្រជាជនកម្ពុជា មូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីដាក់ផែនការចុះធ្វើយុទ្ធនាការពង្រឹងសតិអារម្មណ៍ដល់សមាជិកសមាជិកាបក្ស នៅតាមខ្នងផ្ទះ ឆ្ពោះទៅការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កិច្ចប្រជុំបានផ្ដោតសំខាន់ ពិភាក្សាលើរបៀបវារៈចំនួន៧ ដែលរួមមាន៖ ការណែនាំក្រុមការងារឱ្យស្គាល់គ្នាកាន់តែច្បាស់ ដើម្បីមានទំនាក់ទំនងល្អ ក្នុងការចុះបំពេញការងារ -ការចុះតាមខ្នងផ្ទះ ចែកបណ្ណព័ត៌មាន ស្រង់ទិន្នន័យស្ថិតិ ផ្សព្វផ្សាយគុណសម្បត្តិ និងសមិទ្ធផលរបស់គណបក្ស ការលើកស្លាកគណបក្ស គំរូថ្មីនៅទូទាំង ១២សង្កាត់ ក្នុងក្រុង និងខេត្តសៀមរាប ការត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយឲ្យបានគ្រប់គ្រាន់ ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី០១ ខែកក្តដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រៀបចំវេនប្រចាំការនៅទីស្នាក់ការគណបក្សគ្រប់សង្កាត់ទាំង១២ នៅទូទាំងក្រុងសៀមរាប។

លោក ឥត សារ៉ាត់ បានបញ្ជាក់ជូនសមាជិក និងក្រុមការងាររបស់គណបក្ស សង្កាត់ទាំង១២ របស់ក្រុង និងខេត្តសៀមរាបថា ការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដែលជាសមាជិកគណបក្ស ក៏ត្រូវយកចិត្តទុកដាក់ថតរូបប្រជាពលរដ្ឋរបស់យើងតាមគ្រួសារនីមួយៗឲ្យបានគ្រប់ខ្នងផ្ទះ ដោយត្រូវរាយការណ៍រៀងរាល់ល្ងាចម៉ោង៤:០០ ដើម្បីគណបក្សក្រុងបូកសរុបរបាយការណ៍ជូនប្រធានក្រុមការងារចុះមូលដ្ឋានក្រុងជាប្រចាំ។

ទន្ទ្រឹមនិងនោះដែរ ក្រុមការងារចុះតាមក្នុងផ្ទះទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ឃោសនាពន្យល់ជូនប្រជាពលរដ្ឋពីសមិទ្ធផលនានារបស់គណបក្ស ដែលសម្រេចបាន ដូចជាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតបើកប្រទេសឡើងវិញ ការទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ភាពជោគជ័យក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាជនពិការអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ សមិទ្ធផលនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រៀមដាក់ហើយដំណើរការជាផ្លូវការនៅខែតុលាខាងមុខ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុង និងខេត្តសៀមរាប ដែលមានផ្លូវ ៣៨ខ្សែ និងការស្ដារកែលម្អល់ស្ទឹងសៀមរាប ដែលបានចំណាយថវិកាអស់ជាង ១៥០ លានដុល្លារ និងសមិទ្ធផលដទៃៗទៀតជាច្រើននៅក្នុងក្រុង និងខេត្តសៀមរាប។

លោក ឥត សារ៉ាត់ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគិតគូរពីការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កម្មករ និយោជិត ក្រោមយន្តការត្រីភាគី និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានតម្លើងជាបន្តបន្ទាប់ប្រកបដោយសុខដុម និងទៀងទាត់តាមការវិភាគដល់ចំនួន ១៧០ ដុល្លារ ក្នុងឆ្នាំ២០១៨, ១៨២ដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៩០ដុល្លារ ក្នុងឆ្នាំ ២០២០,១៩២ដុល្លារ ក្នុងឆ្នាំ២០២១ និងចំនួន ១៩៤ដុល្លារ ក្នុងឆ្នាំ ២០២២ បើទោះបីជាប្រឈមនឹងបញ្ហារីករាយជម្ងឺកូវីដ១៩ក្តី។

លោក ឥត សារ៉ាត់ន បានបន្ថែមទៀតថា ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានដាក់ចេញនូវវិធានការជំនួយសង្គមជាច្រើន ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ នឹងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ដែលមានគ្រួសារក្រីក្រចំនួន ៧០៦,៦៤៨គ្រួសារ ដែលមានសមាជិកសរុប ២,៧៨៨,០៦៥នាក់ ទទួលបានប្រាក់ឧបត្ថម្ភនេះ និងគោលនយោបាយផ្សេងៗទៀតក្នុងការកាត់បន្ថយចំណាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោក ឥត សារ៉ាត់ ក៏បានរំលឹកដល់សមាជិកក្រុមការងារទាំងអសក្នុងពេលចុះសាកសួរសុខទុក្ខសមាជិក ដោយផ្ទាល់តាមខ្នងផ្ទះ ក៏ត្រូវផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយ ដល់ពលរដ្ឋរបស់យើងឲ្យបានយល់ដឹងអំពីគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលនាំមកនូវសន្តិភាព។ កត្តាដែលប្រទេសយើងមានសុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យគណបក្សប្រជាជនយើងមានគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ៕