(ត្បូងឃ្មុំ)៖ សកម្មជនគណបក្សភ្លើងទៀនមួយចំនួន នៅមូលដ្ឋានភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបន្តនាំគ្នាទម្លាក់ស្លាក និងដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល ក្រោយពួកគេអស់ជំនឿលើមេដឹកនាំគណបក្សនយោបាយមួយនេះ ហើយប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
យោងតាមវីដេអូ នៃការទម្លាក់ស្លាកគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន និងជាអតីតអ្នកសង្កេតការណ៏បោះឆ្នោត ចំនួន០៨នាក់ នៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តទម្លាក់ស្លាកផ្លាក, ដោះសម្លៀកគណបក្សភ្លើងទៀនចោល ចេញពីមុខផ្ទះរបស់ឈ្មោះ ញ៉ឺក ហន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្តី និងឈ្មោះ ប៉ាវ ញឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជាប្រពន្ឋ ដោយសារអស់ជំនឿលើបក្ស និងមេដឹកនាំរបស់ខ្លួន ហើយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱ្យការបម្រើជាតិ និងប្រជាជន។
ពួកគាត់សុទ្ធតែបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
សកម្មជនគណបក្សភ្លើងទៀនដែលដឹកនាំការកាត់ទម្លាក់ស្លាកបក្សចោលនេះ បាននិយាយថា ស្លាកនេះលោកជាអ្នកលើកដាក់ តែពេលនេះលោកក៏ជាអ្នកទម្លាក់ចោលវិញផងដែរ ដោយពីមុនលោកគិតថា លោកអាចផ្ញើជោគវាសនា លើបក្សមួយនេះ ប៉ុន្តែជាការគិតខុសស្រឡះ និងសុខចិត្តដោយស្ម័គ្រចិត្តទម្លាក់ស្លាកនេះចោលវិញ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនដោយគ្មានការបង្ខិតបង្ខំនោះឡើយ។
ពួកគាត់មើលឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចុះជួយប្រជាពលរដ្ឋតាមជាប្រចាំ និងបានដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍន៍ជាច្រើនតាមមូលដ្ឋានដែលធ្វើឱ្យពួកគាត់មានទំនុកចិត្ត ហើយមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមើលថែប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលសកម្មជនរបស់គណបក្សភ្លើងទៀន បានចាកចេញពីបក្សនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ពោលអតីតសមាជិកបក្សនេះជារឿយៗ បាននឹងកំពុងតែបន្ដចាកចេញ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា៕