(កណ្ដាល)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នគរបាលខេត្ដកណ្ដាល បានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបបានករណីឃាតកម្មជនជាតិចិនសម្លាប់ជនជាតិចិនដូចគ្នា ដោយច្រកចូលវ៉ាលី ដោយរកឃើញសពជនរងគ្រោះ នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងចាប់បានជនដៃដល់ជនជាតិចិនចំនួន៤នាក់ផងដែរ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ DAI MINGXING ហៅ QI SHI អាយុ៣៤ឆ្នាំ ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ
*ទី២៖ ឈ្មោះ HONG QI អាយុ៣៣ឆ្នាំ ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ
*ទី៣៖ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ
*ទី៤៖ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៌ខ្មៅ២ (មួយមានសម្លៀកបំពាក់ប្រឡាក់ឈាម), ស្កុតរុំមុខសព បិទជិត, ក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ។

របាយការណ៍ដដែលឲ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទនៅតាមដងទន្លេសាប បានប្រទះឃើញវ៉ាលីស ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប។ ពេលនោះសាក្សី បានរ៉ូតវ៉ាលី ក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

លទ្ធផល ការស្រាវជ្រាវស៊ើបអង្កេតផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេត គ្រប់វិធានការជំនាញ ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ។

ជនរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ដែលមានទីតាំងស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ៕