(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូប​វន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃ​ដ៏ឧត្តុង្គ​ឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវ​បានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយ​ក្រសួងមហា​ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ច​ផ្នែកបច្ចេក​ទេស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាប្រធានកិត្តិយស តាមរយៈលិខិត​របស់ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លេខ៣៥០ និងសជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា។ ក្នុងពង្រាងនោះ នឹងមានកែសម្រួលមាត្រាចំនួន៣ និងមាត្រាមួយចំនួនទៀត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលព្រះរាជក្រឹត្យចេញ សម្តេចតេជោ អនុញ្ញាតឱ្យអ្នកឧកញ៉ា លី យ៉ុង ផាត លើកសំណើផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» ដែលជាគោរមងារថ្នាក់ខ្ពស់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងបណ្តាញ ឬបក្ខពួកនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ឧកញ៉ានៅកម្ពុជា តែងចូលរួមក្នុងសកម្មភាពសង្គម តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

*សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូលរួមចំណែករបស់ឧកញ៉ាក្នុងសង្គម ជាការស្តែងឱ្យឃើញនូវប្បធម៌ចែករំលែក សម្បុរសធម៌ និងសាមគ្គីភាព។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។ ៥ឆ្នាំចុងក្រោយ ទុនវិនិយោគក្នុងស្រុកតែងជាប់លេខរៀងទី១ ឬទី២។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគក្នុងស្រុកបានរួមចំណែកធំធេងក្នុងសង្គមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ាប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។

*សម្តេចតេជោ ហ៊ុន សែន សូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន​ សែន មានអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

*សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកល។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៥៖២៩នាទី នាល្ងាចថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕