(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ និងគណៈកម្មការរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ និងក្រុមការងារពិធីការនៃខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះទៅពិនិត្យមើលគោលដៅ និងការសាកល្បងជាលើកទី២ ឬក៏ជាលើកចុងក្រោយមុនការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅសមិទ្ធផលនានា របស់កងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹង សមិទ្ធផលនានាដែលរួមមាន៖ បន្ទប់នៃអគារប្រពៃណីកងទ័ព អាគារមន្ទីរពេទ្យអគារស្នាក់នៅ ទ័ពនារី អគារសាលប្រជុំធំដែលមានកម្ពស់ ៣ជាន់ រួមនិងរោងដាក់រថយន្ត និងគ្រឿងចក្ររបស់កងពលតូចថ្មើជើងលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រារព្ធធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសពិនិត្យមើលនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើការណែនាំ និងកែតម្រូវនៅចំណុចខ្វះខាតខ្លះៗ ដែលអនុវត្តពុំទាន់បានល្អ ដល់ថ្នាក់ដឹកនាំកងពលតូចលេខ៧០ និងមេបញ្ជាការគ្រប់ផែនឈរទាំងអស់ នៃកងទ័ពទាំងបីប្រភេទ និងបណ្ដាទ័ពជំនាញដែលពាក់ព័ន្ធចូលរួម ឱ្យយកចិត្តទុកដាក់ កែសម្រួលឡើងវិញ នៅសំលៀកបំពាក់ ឯកសណ្ឋានឲ្យបានឯកភាពគ្នា ទៅតាមប្រភេទទ័ព និងប្រភេទទ័ពជំនាញ ដោយប្រកាន់ភ្ជាប់នៅវិន័យ សេចក្តីថ្លៃថ្នូរ ជាកងទ័ព។ ជាមួយគ្នានេះដែរក៏ត្រូវយកចិត្តទុកដាក់កែសម្រួលឡើងវិញ សម្រាប់គ្រប់ផែនឈរទាំងអស់ នៅពេលប្រារព្ធពិធីជាផ្លូវការ មិនត្រូវចេញចូលរហេតុរហូត ដែលនាំឱ្យបាត់បង់នៅសណ្តាប់ធ្នាប់ និងការចល័តរហេតរហូតរបស់អ្នកគ្មានភារកិច្ច នៅពីក្រោយផែនឈរ ចំពីមុខវេទិកានៃគណៈអធិបតី ជាដើម។ល។

ផ្អែកតាមកិច្ចការទាំងអស់នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើឱ្យគ្រប់ស្ថាប័នភាគីអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងតួនាទីរបស់ខ្លួន ពីព្រោះថាពេលនេះគឺជាពេលចុងក្រោយសល់ពេលមិនយូរទៀតទេ នឹងដល់ថ្ងៃប្រារព្ធពិធីជាផ្លូវការហើយ សម្រាប់យើងទាំងអស់គ្នា ហើយនិងឈានទៅជួបជុំគ្នាម្ដងទៀតនៅថ្ងៃពិធីជាផ្លូវការ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ដើម្បីបំពេញនៅកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ របស់កងពល និងផែនឈរនៃអ្នកចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវកែសម្រួលឲ្យបានទាន់ពេលវេលា ព្រោះយើងសល់ពេលមិនយូរទៀតទេ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកបន្ថែមទៀតថា ការបំពេញតួនាទីបានល្អ ពីគ្រប់បណ្ដាផែនឈរ នៃអង្គភាពកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ ដែលចូលរួម គឺជាលើកមុខមាត់កិត្តិយស កងទ័ពផង ពិសេសអង្គភាពកងពលតូចលេខ៧០ ដោយផ្ទាល់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយក៏ជាលើកមុខមាត់ និងមហាកិត្តិយសសម្រាប់ជាតិកម្ពុជាយើងផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ដល់ថ្ងៃប្រារព្ធពិធីជាផ្លូវការ បណ្ដាផែនឈរ និងទ័ពជំនាញទាំងអស់ដែលចូលរួមនឹងប្រតិបត្តិបានល្អ ត្រឹមត្រូវ ប្រកបដោយវិន័យសេចក្តីថ្លៃថ្នូរ សមជាកងទ័ពរបស់ជាតិ បម្រើជាតិ ការពារជាតិ ការពារសេចក្តីសុខសាន្តរបស់ប្រជាជន នឹងសុខសុវត្ថិភាព សម្រាប់ថ្នាក់ដឹកនាំប្រទេស និងប្រជាជន ដែលរស់នៅក្រោមម្លប់នៃសន្តិភាព៕