(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ទំនើបកម្មខ្សែច្រវ៉ាក់ចំណាយថវិការដ្ឋ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងនោះ ក៏មានការចូលរួមពីលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងមកពីក្រសួងស្ថាប័ននានា, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនប្រមាណជាង២០០នាក់។

សិក្ខាសាលានេះ មានគោលបំណងដើម្បីធ្វើការពិគ្រោះយោបល់ជាមួយតួអង្គអនុវត្តពាក់ព័ន្ធ ទាំងវិស័យសាធារណៈ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដែលជាការបោះជំហានទៅមុខដ៏មានសារៈសំខាន់ ដើម្បីធ្វើឲ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា កាន់តែមានភាពទំនើបជាងមុន ជាពិសេសលើការធ្វើទំនើបកម្មខែ្សច្រវ៉ាក់ចំណាយថវិការដ្ឋ ឲ្យស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងតាមតថភាពជាក់ស្តែងរបស់កម្ពុជា។

សិក្ខាសាលាពិគ្រោះនេះធ្វើឡើង ក៏ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ ដែលជាអនុក្រឹត្យគោល ក្នុងការធ្វើទំនើបកម្មខ្សែច្រវ៉ាក់ចំណាយថវិការដ្ឋរបស់កម្ពុជាផងដែរ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ការធ្វើទំនើបកម្មខ្សែច្រវ៉ាក់ចំណាយថវិកា ដែលជាផ្នែកមួយនៃវដ្តថវិកា គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការកែទម្រង់ដែលមានចរិតជាការផ្លាស់ប្តូរជារចនាសម្ព័ន្ធ និងមានបច្ច័យយ៉ាងពិតប្រាដកដល់ការផ្តល់សេវាសាធារណៈ។

លោកបន្ដថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ គឺជាឧបករណ៍គោលនយោបាយ ដើម្បីឲ្យរដ្ឋអាចបំពេញនូវមុខងារ និងការទទួលការខុសត្រូវរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការដោះស្រាយជីវភាព និងសុខមាលភាពរបស់ប្រជាជន។ លោកថា ឧបករណ៍គោលនយោបាយនេះ ចាំបាច់ត្រូវតែមានប្រសិទ្ធភាព ព្រោះជាឧបករណ៍មួយដែលយកពន្ធពីប្រជាជន ហើយយកមកធ្វើការបែងចែងឡើងវិញ (Redisribution of income) ដើម្បីម្ខាងធានានិរន្តភាពរបស់រដ្ឋ និងម្ខាងទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសមធម៌សង្គម។

ដូច្នេះ រដ្ឋត្រូវប្រើប្រាស់ធនធានដ៏កម្រនេះ ឲ្យចំមុខអាទិភាព និងឱ្យមានប្រសិទ្ធភាព (Allocative efficiency) និងត្រូវលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ (Operational effiecney) ផងដែរ ដើម្បីបង្កើនតម្លៃនៃលុយ (Value of money) សំដៅធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព (efficiency), តម្លាភាព (transparency), គណនេយ្យភាព (accountability) និងចីរភាព (sustainability)។

លោក វង្សី វិស្សុត បានបន្តថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលជាការកែទម្រង់ប្រព័ន្ធថវិកាមួយដ៏សំខាន់ ពោលគឺជាការផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល (input-based budget) ទៅថវិកាសមិទ្ធកម្ម (performance based budget) និងពីប្រព័ន្ធថវិកាមួយដែលមានចរិតមជ្ឈការ (centralized budget) ទៅជាប្រព័ន្ធថវិកាមួយដែលមានចរិត្តវិមជ្ឈការ (decentralized budget) ដែលជាការផ្ទេរអំណាយត្រួតពិនិត្យថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ ទៅជូនក្រសួងស្ថាប័ន ពិសេសអង្គភាពថវិកា ដែលអនុវត្តផ្ទាល់។

លោកអះអាងថា លទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលជាង១៩ឆ្នាំមកនេះ បានធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កាន់តែមានភាពរឹងមាំ និងចីរភាព ដែលធ្វើឲ្យកម្ពុជាមានសមត្ថភាពធ្វើការឆ្លើយតបទៅនឹងវិបត្តិនៃជំងីកូវីដ១៩ ក៏ដូចជាបញ្ហាប្រឈម និងហានិភ័យនានា ដូចជាផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីសង្រ្គាម នៅអ៊ុយក្រែនជាដើម។ ក៏ប៉ុន្តែយើងមិនអាចស្កប់ស្កល់បានទេ ព្រោះការកែទម្រង់មិនចប់ត្រឹមនេះទេ ហើយយើងត្រូវតែបន្តកិច្ចការនេះតទៅទៀត ដើម្បីយើងអាចមានសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិនានាទៅថ្ងៃមុខ ក៏ដូចជាភាពមិនប្រាដកប្រជាផ្សេងៗ ដែលប្រែប្រួលគ្មានទីបញ្ចប់។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងដាស់តឿនមន្រ្តីរាជការយើងទាំងអស់ជារឿយៗថា កែទម្រង់រស់ មិនកែទម្រង់ស្លាប់ និងគ្មានលទ្ធផលណាដែលបានមកដោយមិនមានការបង់ថ្លៃនោះទេ ហើយក៏គ្មានការកែទម្រង់ណាដែលសម្រេច បានដោយមិនមានការលះបង់នោះដែរ។

ដូច្នេះ យើងត្រូវតែផ្លាស់ប្តូរផ្នត់គំនិត, ឆន្ទៈ, មនៈសិកាវិជ្ជាជីវៈ, គុណធម៌, សីលធម៌, ការគ្រប់គ្រងការផ្លាស់ប្តូរ, ការហ៊ានលះបង់ផលប្រយោជន៍ និងត្រូវខិតខំបង្កើនសមត្ថភាព ដើម្បីធ្វើឲ្យមានការចូលគ្នា (Convergence) រវាងការកែទម្រង់ជាប្រព័ន្ធ និងការអនុវត្តជាក់ស្តែង ហើយលែងយឺតជាងការកសាងច្បាប់, ទស្សនៈ, គោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ ដូចមុនទៀត។

លោក វង្សី វិស្សុត ក៏បានធ្វើការលើកឡើងផងដែរថា កម្ពុជាត្រូវកសាងនូវភាពធន់ចំនួន ៥ (5 Rs) ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ហើយអាចក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់ ដែលរួមមាន៖

*១៖ ភាពធន់នៃវិស័យសាធារណៈ (Public Sector Resiliency) សំដៅធ្វើឲ្យរដ្ឋបាលសាធារណៈមានសមត្ថភាពខ្លាំងពូកែ, ឆ្លាតវៃ និងស្អាតស្អំ

*២៖ ភាពធន់នៃសេដ្ឋកិច្ច (Economic Resiliency) ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានភាពប្រកួតប្រជែង និងពិពិធកម្មកាន់តែខ្លាំងក្លាជាងមុន

*៣៖ ភាពធន់នៃវិស័យហិរញ្ញវត្ថុ (Financial resiliency) ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យរឹងមាំ ហើយអាចលំហរធនធានថវិកាសមស្រប និងត្រូវប្រើប្រាស់ធនធានទាំងនេះ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងចីរភាព។ ទន្ទឹមនេះ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក៏ត្រូវតែរឹងមាំ និងត្រូវអនុវត្តតាមយន្តការទីផ្សារ

*៤៖ ភាពធន់នៃសង្គម និងមូលធនមនុស្ស (Social and Human Capital Resiliency) ដើម្បីកសាងធនធានមនុស្ស ដែលប្រកបដោយជំនាញ, ចំណេះដឹង, មានគុណធម៌, សីលធម៌, ចរិចាធម៌, និងសុខភាពល្អមាំមួន ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម (Middle-income trap) និងមានកត្តាធនធានមនុស្សខ្លាំង ក្នុងការទប់ទល់ទៅនឹងវិបត្តិផ្សេងៗ។ ចំពោះភាពធន់នៃសង្គម សំដៅដល់មូលធនសង្គមមួយ មានសាមគ្គីភាពរឹងមាំ, មានការចូលរួម, ហ៊ានលះបង់, ចេះជួយគ្នា និងយកអាសារគ្នា ក្នុងពេលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ ដូចជាជំងឺកូវីដជាដើម

*៥៖ ភាពធន់នៃបរិស្ថាន និងអាកាសអាតុ (Environmental/Climate resiliency) ដើម្បីធានាឲ្យបាននូវនិរន្តភាពខាងផ្នែកបរិស្ថាន និងអាចមានសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដែលកាន់តែមានចរិតកាច់សាហាវជាងមុន។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង ក៏ដូចជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា៕