(ពោធិ៍សាត់)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់គ្បឿង ដែលទើបនឹងសាងសង់រួច មានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះដែរ បានការអញ្ជើញចូលរួមពី លោក ម៉ៅ សាន អនុប្រធានគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត, លោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំរាំងទិល និងឃុំស្យា អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងប្រជានេសាទក្នុងឃុំ ជាច្រើនកុះករ។

ថ្លែងនៅចំពោះមុខប្រជានេសាទ លោក កែវ រតនៈ បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរាំងទិល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយ ក្នុងស្រុកកណ្តៀង ដើម្បីបម្រើផលប្រយោជន៍ដ៏ចាំបាច់ ជូនប្រជានេសាទក្នុងឃុំរាំងទិលទាំងមូល ខណៈដែររដូវវស្សា គឺលិចទឹកពុំមានទីទួល សម្រាប់រៀបចំមង្គលការ ឬពិធីបុណ្យផ្សេងៗ។ ម្យ៉ាងវិញទៀត ក៏ជាទីកន្លែងសម្រាប់ទុកដាក់សម្ភារៈគណបក្ស និងសម្ភារៈមួយចំនួនទៀតដែលចាំបាច់ សម្រាប់ទុកចែកជូនប្រជានេសាទ ដែលទីទ័ល និងខ្វះខាត ក្នុងរដូវបិទនេសាទផងដែរ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលដែលបម្រើប្រយោជន៍រួមនេះ ក៏អាចនិយាយបានថា ជាសមិទ្ធផលដែលបង្ហាញពីវឌ្ឍនភាព របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកស្ទួយនូវ សន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ដែលមានការគោរពស្រឡាញ់ និងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាជាច្រើនកុះករ។

លោកក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ពិសេសលោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំរាំងទិល និងឃុំស្យា ដែលតែងតែដឹកនាំតម្រង់ទិស និងជួយជាគំនិតយោបល់ លើការអភិវឌ្ឍន៍ឃុំ និងចុះជាប់ជាប្រចាំ ជួយដល់ប្រជានេសាទ ដែលជួបការលំបាកជាក់ស្តែង។

លោកសង្កត់ធ្ងន់ថា ពិតណាស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជូនប្រជាជន និងជាតិមាតុភូមិ ដូច្នេះហើយយើងត្រូវចូលរួមថែរក្សាសុខសន្តិភាព តាមរយៈការទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឆាប់ៗនេះ ព្រមទាំងចូលរួមថែរក្សា ការពារព្រៃលិចទឹក និងគោរពច្បាប់ជលផលទាំងអស់គ្នា ដើម្បីជាជម្រកត្រីពងកូន និងធ្វើឱ្យទិន្នផលត្រីរបស់យើងមានការកើនឡើង ជាប្រយោជន៍ដល់មនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានរៀបចំវត្ថុកំដរដៃ ជូនដល់ប្រជានេសាទ ជាង៧០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ និងប្រេងឆា១ដប។ ជាមួយគ្នានោះក្នុងព្រឹកថ្ងៃដដែល លោក កែវ រតនៈ ក៏បានបន្តចុះពិនិត្យស្ថានភាពទិន្នផលត្រី នៅតំបន់អភិរក្សកោះព្រែករាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវក្រុមការងារគណបក្សប្រជាជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគម សហការរួមគ្នាអភិរក្សផងដែរ៕