(កណ្ដាល)៖ នគរបាលស្រុកមុខកំពូល បានចាប់ចោរលួចខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិម្នាក់ ក្រោយធ្វើសកម្មភាព៣ដងកន្លងមក។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្ពានថ្មី ឃុំរកការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ លាភ ធួន អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលបំភ្លឺផ្លូវជាតិលេខ៦ ចំនួន៣លើក លើកទី១កាត់នៅចំណុចស្ពានលេខ១៤ ភូមិសាមគ្គី ឃុំព្រែកដំបង បានចំនួន១៤គីឡូក្រាម យកទៅលក់ឲ្យអេតចាយនៅឃុំព្រែកអញ្ចាញ បានប្រាក់ចំនួន១៤ម៉ឺនរៀល, លើកទី២៖ នៅចំណុចស្ពានលេខ២០ ភូមិឡឥដ្ឋ ឃុំព្រែកដំបង តែមិនបានសម្រេច និងលើកទី៣៖ លួចកាត់ខ្សែភ្លើងនៅបង្គោល កាប៊ីនភ្លើង ផ្លូវជាតិលេខ៦ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ល្បាតឃើញក៏ឃាត់ខ្លួនតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៦ ពិតប្រាកដមែន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕