(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស និងសមាជិកបក្សមកពីភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ លោក លី ធុជ បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តរួមគ្នាដាំដុះ ស្រោចទឹក និងថែទាំដើមឈើ នៃសន្តិភាព ក្តីសង្ឃឹម និងអនាគតរុងរឿង ដែលបានរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រយៈពេល៤៥ឆ្នាំមកនេះ។ ដើមឈើនេះ នឹងបន្តលូតលាស់ បែកមែក និងផ្តល់ម្លប់យ៉ាងសែនត្រជាត់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងក្មេងៗជំនាន់ក្រោយៗទៀត។

លោកបានបញ្ជាក់ថា ដើមឈើនៃសន្តិភាព ក្តីសង្ឃឹម និងអនាគតរុងរឿង របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្កើនប្រាក់ចំណូលខ្ពស់សម្រាប់ភាពប្រសើរឡើងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគ្រួសារ។

ក្នុងឱកាសនោះ លោក លី ធុជ បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនពីសម្តេចតេជោ ហ៊ុន សែន ដោយបានប្រែក្លាយបាវិតពីភូមិមួយ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាប្រភពចំណូលមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

លោកបន្តទៀតថា ការកសាងអនាគតរបស់ប្រទេសជាតិ នៅតែបន្តជានិច្ច និងមិនអាចខ្វះបានពីការចូលរួមនិងដឹកនាំដ៏ប៉ិនប្រសព្វរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ជូនសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស៕