(ភ្នំពេញ)៖ ក្រុមការងារគណបក្ស និងសមាជិកសមាជិកាគណបក្សឃុំកំពង់ក្រែង ប្រកាសប្តេជ្ញានាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស​ ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀតលើគ្រប់វិស័យ។

ការប្រកាសប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសាខាបក្សភូមិនិងក្រុមការងារឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ។

ដោយថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងឃុំកំពង់ក្រែងដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងលះបង់ខ្ពស់ចំពោះគណបក្ស អនុប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិកបក្សនៃឃុំកំពង់ក្រែងបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតនាពេលកន្លងទៅ។

លោកបានលើកឡើងថាដោយសារតែជំនឿទុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅគ្រប់ការបោះឆ្នោត ហើយជ័យជម្នះនេះក៏ដយសារតែអំពើល្អដែលមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំ បំពេញប្រកបដោយការលះបង់ខ្ពស់និងដើម្បីបុព្វហេតុផលប្រយោជន៍ជាតិនិងប្រជាជន។

ជាមួយគ្នានេះ លោ្ នេត្រ ភក្ត្រា បានលើកឡើងនូវសមិទ្ធផលជាច្រើនដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជាដោយចាប់ផ្តើមពីការតស៊ូរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ធ្វើឱ្យជាតិកម្ពុជារស់ឡើងវិញចេញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរីកចម្រើនលើគ្រប់វិស័យ នាំយកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ​​ ឯកភាពជាតិ និងឯកភាពទឹកដីក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។

សន្តិភាពដែលកម្ពុជាមានពេលនេះគឺរក បានមកដោយពិបាកដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាការពារសុខសន្តិភាពនេះឱ្យបានគង់វង្សចីរកាលសម្រាប់មនុស្សរាប់ជំនាន់ទៀត និងដើម្បីជាឱកាសសម្រាប់ជាតិនិងប្រជាជនបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំង។

អនុប្រធានក្រុមការងារបានរំឭកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានលើកឡើងជាច្រើនដងរួចមកហើយថា កុំដល់ពេលបាត់បង់សន្តិភាព បាននាំគ្នាស្រែករកសន្តិភាព, យើងត្រូវចូលរួមការពារសន្តិភាព សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

លោក នេត្រ​​ ភក្ត្រា បានគូសបញ្ជាក់ជូនសមាជិកសមាជិកាគណបក្សឃុំកំពង់ក្រែងថា ដើម្បីថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស យើងចាំបាច់ត្រូវរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយការអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសញ្ញាទេវតាបាចផ្កា គឺជាការចូលរួមពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​និងជាពិសេសគឺបោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។៕