(បាត់ដំបង)៖ លោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងកុំជឿតាមការញុះញង់របស់ពួកជនអគតិ ដែលបាននិយាយបន្ទុចបង្អាក់សិទ្ធិរបស់ពលរដ្ឋ។

ការអំពាវនាវនេះរបស់លោក ប៊ុន ហុនបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងសិស្សានុសិស្សចំនួនជាង ១,៥០០នាក់ នៃឃុំព្រះផុស ដោយមានការចូលរួមពីលោកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារ CPP ចុះជួយឃុំព្រះផុស លោកស្រីបណ្ឌិត សុត សុវណ្ណដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ រួមទាំងអនុប្រធាន និងសមាជិកក្រុមការងារជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ប៊ុន ហុន ថ្លែងថា ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារដែលតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (.គជ.ប) ឲ្យបានរួចរាល់ ដើម្បីមានសិទ្ធិបោះឆ្នោត និងបានបំពេញនូវកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ ហើយសន្លឹកឆ្នោតនេះ គឺជាការសម្រេចនូវជោគវាសនាប្រទេសជាតិ។

លោ្បានបន្តថា ជាបន្តបន្ទាប់ មានពួកជនអគិតមួយចំនួន ដែលស្រែកពីខាងក្រៅប្រទេស បានញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតនាពេលខាងមុខ ដោយលើកឡើងយ៉ាងនេះយ៉ាងនោះ ដែលទង្វើរបំផុសបំផុលនេះ សូមប្រជាពលរដ្ឋកុំជឿតាម និងសូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ប្រធានក្រុមការងារ បានបន្ថែមថា ការបោះឆ្នោតនេះ ត្រូវពិនិត្យមើលចំពោះគណបក្សនយោបាយ តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ គឺបន្ទាប់ពីរំដោះពលរដ្ឋចេញពីរបប ប៉ុល ពត ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន បានថែរក្សាសុខសន្តិភាព ឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត។

ជាមួយនេះ លោក ប៊ុន ហុន បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំព្រះផុស ដែលមានលោកបណ្ឌិត ស្រេង វង្សហៀង ជាប្រធាន បានជួយអភិវឌ្ឍន៍ឃុំឲ្យមានការរីកចម្រើន មានធ្វើនូវផ្លូវក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងការដាក់សូឡាបំភ្លឺតាមផ្លូវ ក្នុងភូមិទាំង៩ នៃឃុំព្រះផុសជាដើម ខណៈដែលក្រុមការងារ ក៏បានប្ដេជ្ញាបន្តជួយអភិវឌ្ឍន៍ឃុំបន្ថែមទៀត៕