(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយកាលពីថ្ងៃសៅរ៍នេះថា លោកគ្រោងនិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញឲ្យរុស្ស៉ីដកទ័ពចេញពីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់មហាសន្និបាទសាសនា Protestant Church អាល្លឺម៉ង់នៅក្នុងទីក្រុងនូរ៉េមបឺគ (Nuremberg) លោក សូលហ៍ និយាយថា កន្លងមកលោកក៏ធ្លាប់បានជជែកជាមួយលោក ពូទីន រួចហើយ។ លោក សូលហ៍ បានគូសបញ្ជាក់ថា «ខ្ញុំមានគម្រោងធ្វើវាម្តងទៀត ក្នុងពេលឆាប់ៗនេះ។ វាមិនសមហេតុផលទេក្នុងការបង្ខំអ៊ុយក្រែនឲ្យយល់ព្រម និងទទួលយកការវាយប្រហាររបស់រុស្ស៉ី ហើយផ្នែកខ្លះនៃអ៊ុយក្រែនត្រូវក្លាយជារបស់រុស្ស៉ីនោះ»។ យ៉ាងនេះក្តី លោក សូលហ៍ ថានឹងធ្វើការដើម្បីធានាបានថា NATO មិនត្រូវបានអូសទាញឲ្យចូលទៅក្នុងសង្រ្គាម។

គួរបញ្ជាក់ថា ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែគេនៅតែមិនច្បាស់ថាតើការវាយបកដែលរំពឹងទុកជាយូរមករបស់អ៊ុយក្រែនកំពុងដំណើរការហើយឬយ៉ាងណា៕