(ព្រៃវែង)៖ ចលនានៃការចាកចេញរបស់សកម្មជនគណបក្សភ្លើងទៀន នៅតែកើតមានជាបន្តបន្ទាប់ នៅបណ្តារាជធានីខេត្តទូទាំងប្រទេស។ ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សកម្មជនគណបក្សភ្លើងទៀនចំនួន ៤៧នាក់ នៅឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ពួកគាត់។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ១១២នាក់ (ស្រី៣៨នាក់) ក្នុងនោះមកពីគណបក្សភ្លើងទៀនចំនួន ៤៧នាក់ (ស្រី៣៦នាក់ ) ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មពូន និងសហការី។

លោក ឃឹង សារ៉ាត់ បានថ្លែងទៅកាន់សកម្មជនគណបក្សភ្លើងទៀន ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែរថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងចូលរួមជួយឱ្យប្រទេសជាតិ មានការរីកចំរើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ដែលមានគោលការច្បាស់លាស់ និងអ្នកបន្តវេនត្រឹមត្រូវ ដែលមកដល់ពេលនេះ មិនមានគណបក្សណា ដែលប្រៀបស្មើបាននោះឡើយ។

លោកបានអំពាវនាវឲ្យសមាជិកនៃគណបក្សផ្សេងៗទៀត សូមអញ្ជើញមកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ដែលជាកត្តាតែមួយគត់ នាំឆ្ពោះទៅរកការអភិវឌ្ឍ។

ក្នុងឱកាសនោះលោកប្រធានក្រុមការងារបានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់សមាជិក សមាជិកាដែលបានចូលរួមក្នុងពិធីនេះ៕